ដុតកម្ទេចចោល គ្រឿងក្នុងជ្រូកចម្រុះជិត៥តោនខូចគុណភាព ដែលឈ្មួញលួចនាំចូលចែកចាយនៅលើទីផ្សារ 

(បន្ទាយមានជ័យ) ៖ គ្រឿងក្នុងសត្វជ្រូកចម្រុះ ជិត៥តោន ដែលខូចគុណភាព ត្រូវបានដុតកម្ទិចចោល កាលពីរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នៅចំណុចដីវាលមួយកន្លែង ស្ថិតក្នុងភូមិខ្លាកូនសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានអោយដឹងថា គ្រឿងក្នុងជ្រូកចម្រុះនេះមានចំនួន៤,៥០០គីឡូក្រោម ត្រូវបានក្រុមអន្តរាគមន៍ការិយាល័យសហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រចាំក្បាលស្ពានទឹកថ្លា ។លោកបន្តថា គ្រឿងក្នុងជ្រូកទាំងនេះត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចដឹកបង្កប់តាមរថយន្ត ចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅរាជធានីភ្នំពេញនិងចែកចាយបន្តទៅតាមបណ្តាខេត្តផ្សេងៗទៀត។
លោក ហ៊ុយ ទូច បានបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋល្អ កម្លាំងជំនាញពេទ្យសត្វ សហការជាមួយក្រុមគយចល័តរបស់ក្រសួងបានចាប់ឃាត់រថយន្តដឹកជញ្ជូននៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដកហូតកេះដែលផ្ទុកគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន៧៥កេះ ស្មើនឹង៤,៥០០គីឡូក្រាម ។ ពាក់ព័ន្ធករណីដុតបំផ្លាញគ្រឿងក្នុងសត្វជ្រូករាបតោនខាងលើ ប្រជាពលរដ្ឋ បានសម្តែងការត្រេកអរយ៉ាងខ្លាំង ។ ប្រសិនបើគ្រឿងក្នុងទាំងនេះ បណ្តោយឲ្យក្រុមឈ្មួញ យកទៅចែកចាយដាក់លក់នៅលើទីផ្សារបានសម្រេចនោះ ។ តើមានប្រជាពលរដ្ឋប៉ុន្មាននាក់រងគ្រោះ ដោយសារតែភាពអត្មានិយមរបស់ក្រុមឈ្មួញទាំងនេះ? ប្រជាពលរដ្ឋរងចាំមើលវេនាមេឈ្មួញនិងបក្សពួក ខាងលើនេះ ច្បាប់ដាក់ទោសទណ្ឌបានកម្រិតណា ៕

Loading...