ដើមបណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀងគ្រោងប្ដឹងទារសំណងទៅសាលាឧទ្ធរណ៍

ខេត្តស្វាយរៀង ៖ដើមបណ្ដឹងរដ្ឋប្បវេណីក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង នឹងប្ដឹងឧទ្ធរណ៍ដើម្បីទាមទារឲ្យម្ចាស់រថយន្តក្រុងរបស់ក្រុមហ៊ុន វៀតណាម ព្រមផ្ដល់សំណងតាមការសម្រេចរបស់តុលាការ។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អ្នកនាង សេរីបុត្ត ចរិយា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា ថា ដើមបណ្ដឹងរដ្ឋប្បវេណីនឹងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣០ ខែតុលា បន្ទាប់ពីភាគីក្រុមហ៊ុនវៀតណាម ឈ្មោះ ១៥ អេស.អេច្ឆ (15SH) មិនយល់ព្រមនឹងសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដែលបានសម្រេចកាលពីថ្ងៃទី១០ ខែតុលា។
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានចេញសាលក្រមសម្រេចឲ្យភាគីក្រុមហ៊ុនវៀតណាម ផ្ដល់សំណងដល់ដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់គ្រួសារអ្នកស្លាប់ ១៩នាក់ ក្នុងម្នាក់ត្រូវទទួលបានសំណង ១២លានរៀល និងអ្នករងរបួសត្រូវទទួលបានសំណងចន្លោះពី ៦លាន ដល់ ១០លានរៀលតាមស្ថានភាពរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងរបស់ក្រុមហ៊ុនវៀតណាម និងរថយន្តដឹកកម្មករនៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចភូមិដើមពោធិ៍ ក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបណ្ដាលឲ្យមនុស្ស ១៩នាក់ស្លាប់ និង ២០នាក់រងរបួស កាលពីខែឧសភា ឆ្នាំ២០១៥។ ចំណែកអ្នកបើកបររថយន្តដែលជាជនជាតិវៀតណាម នោះ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *