ដោតឌុយព្រីភ្លើងបូមទឹកក្បែរផ្ទះប្រើប្រាស់ភ្លាត់ស្នៀតឆក់ស្លាប់

ខេត្តបាត់ដំបង៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានស្លាប់ចោលកូននិងក្រុមគ្រួសារនៅកន្លែងកើតហេតុ ដោយគ្មាននរណាម្នាក់អាចជួយបាន ខណៈដែលស្ត្រីរងគ្រោះបានយកព្រីភ្លើងទៅដោតឌុយម៉ូទ័រ ដើម្បីបូមយកទឹកស្រះនៅក្បែរផ្ទះប្រើប្រាស់ក៏បានឆក់ដួលឆ្លាក់តែម្តង។

បើតាមសមត្ថកិច្ចក្នុងមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង នៅវេលាម៉ោង០៨និង៣០នាទី ថ្ងែទី០៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិប៊ូរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ស្ត្រីរងគ្រោះមានឈ្មោះ ជឿន ជិន អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា ក្រោយទទួលបានព័ត៌មានដ៏រន្ធត់នេះ កំលាំងផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាល និងក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំអំពិលប្រាំដើម បានចុះទៅដល់ទីកន្លែងកើតហេតុ និងពិនិត្យលើសាកសព ព្រមទាំងមានការបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុផង បានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។

ចំពោះមូលហេតុនៃការស្លាប់ ដោយសារស្រ្តីរងគ្រោះយកព្រីភ្លើងទៅដោតឌុយ ដើម្បីបូមទឹកស្រះនៅក្បែរផ្ទះ ដោយដៃសើមនិងបានរអិលជើងធ្លាក់ទឹក បណ្តាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយធ្វើការត្រួតពិនិត្យរួច កំលាំងជំនាញបានធ្វើការប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...