ដោយសារតែដោះលែងមេខ្យល់ នៅទីបំផុតអតីតអធិការស្រុកកំរៀងត្រូវជាប់ឃុំខ្លួនឯង

ខេត្តបាត់ដំបង៖ ក្រុមអ្នកស្រាវជ្រាវបានស្រាវជ្រាវរកឃើញថា លោកគឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង បានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បានចេញអនុក្រឹត្យសម្រេចដកហូតតួនាទីលោកវរសេនីយ៍ឯកគឹម ពន្លក ដែលជាអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ។ លោកត្រូវបានដកហូតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តុលាការខេត្តបាត់ដំបងបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលោកគឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង។

ដីកាសាលាដំបូងខេត្តបាត់ដំបងលេខ ១៣៧ ត.ព្រ ចេញដោយចៅក្រមស៊ើបសួរ ឃី ឆៃ សម្រេចថា ៖ បញ្ជាឲ្យ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ ៤៦ឆ្នាំ ជាតិខ្មែរ ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។

ដីកាដដែលបញ្ជាក់ថា ឈ្មោះគឹម ពន្លក មុខរបរកសិករ កាន់សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នភូមិកណ្ដាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ការនាំយកចេញដូចមិនស្របច្បាប់សម្រាប់នាំឆ្លងដែន តាមប្បញ្ញត្តិមាត្រា៨ និងមាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

ដីកាតុលាការខេត្តបាត់ដំបងបញ្ជាក់ទៀតថា លោកគឹម ពន្លក ប្រព្រឹត្តបទល្មើសខាងលើនេះកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ និងកាលពីអំឡុងខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចអធិការរដ្ឋាននគរបាលស្រុកកំរៀង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ៕

Loading...