ដោយសារ​បែក​ថ្នាំញៀន ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច សមត្ថកិច្ច ឃាត់ខ្លួន​

ពោធិ៍​សាត់​ ៖ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ដុត​ផ្ទះ​ខ្លួនឯង​ដោយ​សារ​បែក​ថ្នាំញៀន នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​។​

​សមត្ថកិច្ច​បាន​និយាយថា អ្នកស្រី ឆាំ រឿន អាយុ​៥១​ឆ្នាំ រស់នៅ​ចំណុច​តក់​ឡក់ ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង បាន​ប្តឹង​សមត្ថកិច្ច​ថា កូនប្រុស​បង្កើត​របស់​គាត់​ឈ្មោះ​ពុំ ហៀន អាយុ ២៩​ឆ្នាំ បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​មួយផ្នែក​ក្រោយ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង បានឲ្យដឹងថា ក្រោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​ក្បែរ​មាត់​អូរ​ខាងក្រោយ​ផ្ទះ​របស់​ជនសង្ស័យ បាន​រកឃើញ​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​និង​បាន​ធ្វើ​តេស្ត​ទឹកនោម ស្វែងរក​សារធាតុ​ញៀន ជា​លទ្ធផល​ឃើញ វិជ្ជមាន​។​

​សមត្ថកិច្ច នគរបាល​បាន​បន្តថា ជនសង្ស័យ​នេះ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ទៅកាន់​តុលាការ​៕

Loading...