ដំណឹងល្អ! ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកដំណើរការឡើងវិញរោងភាពយន្ត សារមន្ទីរនានាទូទាំងប្រទេស 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែវិច្ឆិកា បានអនុញ្ញាតអោយបើកដំណើរការឡើងវិញរោងភាពយន្ត និងសារមន្ទីរនានានៅទូទាំងប្រទេស ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកម៉ម ប៊ុនហេង បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាជម្រាបជូនដល់លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តផងដែរ ។

ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងលិខិតលេខ ២៣០ សខល ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា អនុញ្ញាតឲ្យបើកដំណើរការឡើងវិញរោងភាពយន្ត សារមន្ទីរនានា នៅទូទាំងប្រទេស បន្ទាប់ពីបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ទៀតថា ការបើកដំណើរការឡើងវិញនេះអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ និងត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានណែនាំឱ្យអនុវត្តកន្លងមកមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា៕

 

Loading...