ដំណឹង​ល្អ ! ហ្វូង​ដំរីព្រៃ​ចំនួន ៣៨​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

​ភ្នំពេញៈ ហ្វូង​ដំរីព្រៃ​ចំនួន ៣៨​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​និង​ថត​រូបភាព​នៅក្នុង​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី​កាលពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២១​។​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ សូមកុំ​រំខាន​ដល់​សត្វ​ដំរីព្រៃ​ទាំងនោះ និង​សូម​ចូលរួម​ការពារ​និង​អភិរក្ស​សត្វ​ដំរីព្រៃ​ទាំងនេះ​ឱ្យបាន​គង់វង្ស​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នេ​ត ភ​ត្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​គឺជា​ទីជម្រក​ដ៏​ធំ​មួយ​របស់​សត្វ​ដំរីព្រៃ​អាស៊ី និង​ប្រភេទ​សត្វ​កម្រ​ផ្សេង ទៀត​។ បច្ចុប្បន្ន​មាន​សត្វ​ដំរីព្រៃ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល​ដែល​កំពុង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​ជាពិសេស​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។
លោក​នេ​ត ភ​ត្ត្រា បាន​បន្តថា យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០​ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០​ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល ៧៥​ភាគរយ​រស់នៅក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។

​ដំរី​អាស៊ី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារ សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។​ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក​ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។

​ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ ឯកឧត្តម​បាន​បន្តទៀតថា យោងតាម​របាយការណ៍​សិក្សា នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ មិនមាន​របាយការណ​ណាមួយ​ស្តីពី ឧបទ្ទវហេតុ​នៃ​ការ​បរបាញ់​សត្វ​ដំរី​ខុសច្បាប់​តាំងពី​ឆ្នាំ​២០០៣ មកម្ល៉េះ​។​
​ចំណែក​នៅក្នុង​តំបន់​ទេសភាព​ភាគ​ខាងកើត មានការ​កត់សម្គាល់ថា​មាន​ដំរី​ស្លាប់​ចំនួន ៨ ក្បាល​ក្នុងនោះ​មាន​ទាំង​កូនដំរី និង​ដំរី​ធំ​ដែល​ករណី​ដំរី​ធំ​ស្លាប់​ត្រូវបាន​សង្ស័យថា​មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។​កាលពីដើមឆ្នាំ​២០១៩ សត្វ​ដំរីព្រៃ​វ័យ​ចំណាស់​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ស្លាប់​ដោយ​ត្រូវគេ​បាញ់​ងាប់​នឹង​គ្រាប់កាំភ្លើង​កែច្នៃ​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស​ប្រជាពលរដ្ឋ​នៅក្បែរ​ដែនជម្រកសត្វព្រៃ​កែ​សីមា​ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​ហើយ​ភ្លុក​និង​កន្ទុយ​របស់​វា​ត្រូវបាន​គេ​លួច​កាត់​យកទៅ​បាត់​។ នៅ​ឆ្នាំ​២០២០​នេះ កូនដំរី​ព្រៃ​ចំនួន ២ ក្បាល​បាន​រកឃើញ​ស្លាប់​នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹក​ស្លាប់​ដោយសារ​ជើង​ជាប់​នឹង​ល្បាក់​ថ្ម និង​មួយទៀត​កើតមក​មិនមាន​សុខ ភាពល្អ បាន​ស្លាប់​ទៅវិញ​ក្រោយ​ក្រុមមន្ត្រី​ជួយសង្គ្រោះ​។​

​តាម​លទ្ធផល​ពី​ការបំពាក់​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ឧទ្យាន​ជាតិ​ជូរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មីៗ​នេះ ក្នុងចំណោម​កូនដំរី ៧ ក្បាលមាន ៤​ក្បាល​ដែលមាន​អន្ទាក់​នៅ ជាប់​នឹង​ជើង​របស់​ពួកវា ហើយក៏​មានកូន​ដំរីព្រៃ​មួយ​ក្បាល​ដែរ​ដែល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់​។ ភស្តុតាង​នេះ​បាន​បញ្ជាក់ថា​ការប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​នៅឡើយ ហើយក៏​ជា​គ្រោះថ្នាក់​ដល់​សត្វ​ដំរី​អាស៊ី​ផង ដែរ​ព្រោះ​វា​អាច​បណ្តាលឱ្យ​សត្វ​ដំរី​រងរបួស និង​ស្លាប់​បាន​។
​ដោយសារតែ​រយៈពេល​នៃ​ការបន្ត​ពូជ​របស់​ដំរី​អាស៊ី​យឺត (​ប្រាំ​ឆ្នាំ​បង្កើត​បានកូន​មួយ​) បើសិន​អាត្រា​ស្លាប់​នៃ​កូនដំរី​ព្រៃ​ខ្ពស់​ដោយសារតែ​រងរបួស​ពី​អន្ទាក់ នោះ​ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា អាចមាន​បញ្ហា​ប្រឈម​ខ្ពស់​ក្នុងការ​ផុត​ពូជ​។ ពលរដ្ឋ​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដើម្បី​រំខាន​ដំរី​ដូចជា​ការធ្វើ​ក្តារ​ដាំ​ដែកគោល​ដាក់​តាមផ្លូវ​ដើម្បី​កុំឱ្យ​ដំរី​ចូល​ស៊ី​ដំណាំ​របស់ខ្លួន​ជាដើម​។ ការសាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ផ្ទះសម្បែង និង​ការដាំ​ដំណាំ​នៅតាម​ច្រករបៀង​ដែល​សត្វ​ដំរី ឆ្លងកាត់​ក៏​ជា​បញ្ហា​មួយ​ចោទ​ផងដែរ​។​

​ចំពោះមុខ​នៃ​ការគំរាមកំហែង​នេះ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយបាន​ថ្លែងថា​៖ «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព​និង​ជំរុញឱ្យមាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩​ដោយបាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុងនោះ​រួមមាន ១) ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក ២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ ៣) ពង្រឹង​ការអនុវត្ត​ច្បាប់ ៤) បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស ៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ យោងតាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល ១០ ឆ្នាំ​ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​គម្រោង​ថវិកា​រំពឹងថា​នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​
​លោក​បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្ទើរតែ​គ្មាន​ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹងរឹង​។ ប៉ុន្តែ​យើង​កត់សម្គាល់​ឃើញថា ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរីព្រៃ​បានកើត​ឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដោយសារតែ​ការផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ​និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការស្វែងរក​ចំណី​អាច​រង​ការរំខាន​ដោយសារតែ​វត្តមាន​របស់​មនុស្ស​នៅក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក វា​និង​លើសពីនេះ ដំរីព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន​រហូតដល់​រងរ​បួស ឬ​ឈានដល់​ការ សម្លាប់​ជាការ​សងសឹក​នឹង​ដំរីព្រៃ​ដែល​បាន​ចូលមក​ស៊ី​ដំណាំ​របស់​ពួកគេ​។​

កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវបាន​កត់សម្គាល់​ឃើញថា​មានការ​ធ្លាក់ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ​ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង ៣០ ឆ្នាំមុន ការ​បរបាញ់​បានសម្លាប់​សត្វ​ដំរីព្រៃ​អស់​ជាច្រើន​ក្បាល​។ នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយ​ផដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ៧១ ក្បាល​៕

Loading...