ដំណើរការនៃការកែសម្រួលប្រព័ន្ធចរាចរនៅភ្លើងស្តុបក្តាន់២ និង ការកែលម្អចញ្ចើមកំណាត់មហាវិថីសហព័ន្ឋរុស្ស៊ីខាងមុខ ទីស្តីការគណៈរដ្ឋមន្ត្រីឈានដល់ រៀបការ៉ូឡាលើចិញ្ចើមមហាវិថីហើយ

(ភ្នំពេញ)៖មន្ត្រីនៃសាលារាជធានីភ្នំពេញបានថ្លែងថា គិតត្រឹមថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ម្សិលមិញ ក្រុមការងារ របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងរៀបការ៉ូឡាលើចិញ្ចើម​មហាវិថីសហព័ន្ធរុស្ស៊ីយ៉ាងសកម្ម ។ គម្រោងកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកកំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី និងការជីកដាក់លូទំហំ១ម៉ែត្រជាមួយនឹងអ៊ុតកៅស៊ូ នៅលើចញ្ចើមមហាវិថីខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីបានឈានមកដល់ទីបញ្ជប់ហើយ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹថា គម្រោងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្តាន់២នេះ ធ្វើឡើងក្នុងគោលបំណង ដោះស្រាយស្ថានភាពចរាចរណ៍ឲ្យមានសភាពប្រសើរឡើង។ ព្រោះតំបន់ក្តាន់២នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។ ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយចញ្ចើមផ្លូវផ្នែកខាងជើងផ្លូវមហាវិថីសហព័ន្ឋរុស្ស៊ីនេះ រដ្ឋបាលរាជធានី បានស្ថាបនានិងពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ពីចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញ (អតីតតំបន់អភិវឌ្ឍបឹងកក់)និងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី ។

ប្រភពខាងលើបានបញ្ជាក់ថា ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២ រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល ។ ក្រោយពីដាក់អោយដំណើរការភ្លើងស្តុបថ្មី និងការពង្រីកផ្លូវខាងលើឃើញថា តំបន់ខាងលើនេះបានកាត់បន្ថយនូវការកកស្ទះចរាចរណ៍បានមួយចំនួនធំ និងទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋទូទៅ ។

គួរបញ្ជាក់ថា ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយប្រេងឥន្ទនៈតូតាល់ដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។ ចំពោះគម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាលដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្ត ការដ្ឋានចេញពីតារាសាំងតូតាល់ដល់ផ្លូវ R៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ ។ តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ ៕

 

Loading...