ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ភីធ័រ ហ្សីយាតូ មកកាន់កម្ពុជាពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ភីធ័រ ហ្សីយាតូ មកកាន់កម្ពុជា ក្នុងពេលការរីករាលដាលនៃជំងឺរាត ត្បាត និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច-សង្គម ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តម ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ កម្ពុជា ហុងគ្រី ពិសេសតាមរយៈ ដំណើរទស្សនកិច្ចរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី នៅទីក្រុងប៊ុលដាប៉េស ចំនួន ២ ដង និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម Janos Ader ប្រធានាធិបតីហុងគ្រីមកកាន់រាជធានីភ្នំពេញកាលពីឆ្នាំមុន ការបើកការិយាល័យតំណាងស្ថានទូតហុងគ្រីនៅភ្នំពេញ និងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៣ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងសេវាកម្មអាកាស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាសក្ខីភាពដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នាខាងលើ។

នេះបើតាមការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិថ្លែងប្រាប់អ្នកព័ត៌មានក្រៅយពីបញ្ចប់ជំនួបជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ដែលជំនួបនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុននិង ឯកឧត្តមរដ្ឋមន្រ្តី ភីធ័រ ហ្សីយាតូ​ ក៍បានបញ្ជាក់ ពីលទ្ធផល កិច្ចពិភាក្សាប្រកបដោយផ្លែផ្កាដោយភាគីទាំង២ បានបង្ហាញ សេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ ពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយប្រកាន់យកជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម គោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ។ គួររំលឹកថា ប្រទេសហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសយើងកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម ក៍ដូចជាការបញ្ជូនទ័ពមួកខៀវ មកកម្ពុជានាពេលកន្លងមកក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ហើយថ្មីៗនេះដែរ ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព៕

 

 

Loading...