ដំរីឈ្មោលមួយក្បាលនៅខេត្តរតនគិរី កួចក្មេងប្រុសម្នាក់បោកនឹងគល់ឈើស្លាប់

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៤ មីនា ត្រង់ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី មានករណីដំរីឈ្មោលមួយក្បាល បានប្រើប្រមោយរបស់វា ទាញចាប់ក្មេងប្រុសជនជាតិព្រៅម្នាក់ទៅបោកនឹងគល់ឈើ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអធ័មបំផុត។

ក្មេងរងគ្រោះឈ្មោះ ហៀក ជីវៈ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។ ចំណែកអ្នកមើលថែដំរី (ហៅថាម៉ដំរី) ឈ្មោះ ប៊ុន រឿងផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ នោះដែរ ហើយម្ចាស់ដំរីឈ្មោះ ខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅភ្នំពេញ។ រីឯដំរីឈ្មោះ បុកម៉ាយ (ឈ្មោល) អាយុ៣២ឆ្នាំ។

ដើមចមបណ្តាលឱ្យក្មេងបាត់បង់ជីវិតនោះ គឺត្រូវបានគេដឹងថា មុនកើតហេតុ(ម៉ដំរី)ឈ្មោះប៊ុន រឿងផ្លាល បាននាំក្មេងរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី ដើម្បីឲ្យជនរងគ្រោះយកម៉ូតូមកភូមិវិញ។ លុះពេលដល់ភ្លាមស្រាប់តែដំរីវាស្ទុះទៅចាប់ (ប្រើប្រម៉ោយ) ទាញជនរងគ្រោះបោកទៅនឹងគល់ឈើតែម្តង។

ក្រោយមក ត្រូវបានក្រុមគ្រួសារ និងអាណាព្យាបាលមិនអស់ចិត្ត បានដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យ ទើបដឹងថាក្មេងបានបាត់បង់ជីវិតហើយ។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅពិនិត្យកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...