ដំរីឈ្មោលឯកោបំផុតនៅលើលោកបានមកដល់កម្ពុជាចំពេលដំរីញីបីចាំទទួលធ្វើជាគូស្នេហ៍

ភ្នំពេញ៖ ដំរីឈ្មោលដែលមានអាយុ៣៦ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីឈ្មោះខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងប្រទេសកម្ពុជាដែលគេបម្រុងរួចជាស្រេចនូវដំរីញីបីចាំទទួលធ្វើជាគូស្នេហ៍។

លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅល្ងាចថ្ងៃច័ន្ទនេះ ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដីជាងបួនពាន់ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន៣ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី ហើយដំរីញីទាំងបីនឹងក្លាយជាគូេស្នហាថ្មីរបស់ខាវ៉ាន់ ដើម្បីធ្វើការបង្កាត់ពូជក្នុងគោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យសម្បូរឡើងវិញ។

ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃមួយក្នុងចំណោមតំបន់ការពារធម្មជាតិនិងរបៀងអភិ់រក្សជីវៈចម្រុះទាំង៦៨កន្លែងរបស់កម្ពុជា។ កម្ពុជាត្រូវបានទទួលស្គាល់ដោយពិភពលោកថាសម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះរួមទាំងប្រភេទសត្វកម្រជិតផុតពូជនិងប្រភេទសត្វដែលទទួលការគំរាមកំហែងផងដែរ។

ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីតែមួយគត់ដែលមាននៅប្រទេសប៉ាគីសស្ថានបន្ទាប់ពីគូស្នេហ៍បានស្លាប់ចោលកាលពី៨ឆ្នាំមុន។ កម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី៤០០ ទៅ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ។​ បច្ចុប្បន្ន កម្ពុជាមានដំរីស្រុកជាង៧០ក្បាល ។

ដំរីខាវ៉ាន់ត្រូវបានក្រុមឃ្លាំមើលសត្វព្រៃតវ៉ាទៅនឹងការថែទាំមិនត្រឹមត្រូវរបស់ក្នុងសួនសត្វប្រទេសប៉ាគីសស្ថាន រួមទាំងការបង្ខាំងនិងការដាក់ច្រវ៉ាក់នៅស្ថានភាពដ៏ក្តៅជាដើម ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹង និងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សរបស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុកនិងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណស្ទើរតែលែងមាន ៕

Loading...