ដំឡូងមីធ្លាក់ថ្លៃប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តដកទៅលក់នៅវៀតណាម មួយចំនួនទៀតកាប់ហាល

ខេត្តត្បូងឃ្មុំ៖ បើទោះបីដំឡូងមីបាន ធ្លាក់ថ្លៃរហូតដល់មួយគីឡូស្រស់ជាងមួយរយរៀល និងស្ងួតបានត្រឹម ជាង4រយរៀលយ៉ាងណាក៏ដោយក៏ប្រជាជនដែលបានដាំដំឡូងត្រូវតែដកប្រមូលផលព្រោះបើទុក ត្រូវខូច និងមិនអាចដាំជាថ្មីបាន។

ការធ្លាក់ថ្លៃបែបនេះពួកគាត់បានលើកឡើងថាដូចដាំអោយឈ្មួញវៀតណាមទទេៗព្រោះទូទាត់ទៅមិនបានទាំងរួចដើមផងកុំថាឡើយដល់ចំណេញ។
បើតាមការរៀបរាប់របស់ប្រជាជនរស់នៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានអោយដឹងថា ឆ្នាំនេះម្នាក់ៗស្ទើតែចងករហើយដោយសារដំឡូងមិនមានទីផ្សារ ហើយបានធ្លាក់ថ្លៃយ៉ាងខ្លាំងដោយមួយគីឡូដឹកទៅដល់ប្រទេសវៀតណាមបានតែ180 រៀលទៅ220រៀលប៉ុណ្ណោះ។

ជាមួយតម្លៃទាបបែបនេះ ថ្លៃកម្មករដកក៏ថ្លៃ ចំណែកសេវាបង់តាមផ្លូវក៏ថ្លៃដោយក្នុងមួយរថយន្តទំរាំដល់វៀតណាមបង់មិនក្រោម30ម៉ឺនរៀលនោះទេ ក្នុងនោះច្រកព្រំដែនត្រូវបង់ពី9ម៉ឺនទៅ12ម៉ឺនរៀន ទើបគេអោយចូល នេះមិនទាន់គិតឈ្មួញវៀតណាមគៀបគ្រប់កន្លែងផង។

ជាមួយគ្នានោះប្រជាជនដែលមិនដក់ទៅលក់នៅវៀតណាមបានរៀបរាប់អោយដឹងដែរថា មូលហេតុដែលពួកគាត់មិនយកទៅលក់នៅវៀតណាមដោយសារថ្លៃទាបពេក ដូចនេះមានតែដក់កាប់ហាលគ្រែងមានហាងឆេងល្អ លក់បានលុយដោះបំណុលខ្លះ ព្រោះបើស្ងួតយើងអាចទុកបានយូរ។

ពួកគាត់បន្តថាបើនៅតែបែបនេះមានតែទុកដីទំនេរចោលចេញរកការងារនៅថៃ ឬម៉ាឡេស៊ីដើម្បីដោះស្រាយជីវភាព និងសងបំណុលធនាគារ បើមិនដូច្នេះប្រាកដជាត្រូវអស់ដី អស់ផ្ទះមិនខានឡើយ បើឆ្នាំណាក៏ខាតយ៉ាងនេះ៕

Loading...