តម្រួតថៃបន្តបង្រ្កាប និងចាប់បញ្ជូនពលករខ្មែរខុសច្បាប់១២៩នាក់ បន្ថែមទៀតាមច្រកអន្តរជាតិដូង

ខេត្តបាត់ដំបង៖ នេះជាលើកទី២ហើយ ក្នុងរយៈពល១ខែនេះ គេឃើញពលករខ្មែរធ្វើការងារខុសច្បាប់ នៅក្នុងប្រទេសថៃ ត្រូវតម្រួតថៃចាប់ឃាត់ខ្លួន និងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ជាបន្តបន្ទាប់ ។

ពលករខ្មែរ១២៩នាក់ទៀតហើយ ស្នាក់នៅ និងធ្វើការងារខុសច្បាប់ រងការឃាត់ខ្លួនពីតម្រួតថៃ និងចាប់បញ្ជូនមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅមានពលករខ្មែរ១៥៣នាក់ ក៏ត្រូវបានតម្រួតថៃឃាត់ខ្លួននិងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិដូងស្រុកកំរៀងរួចហើយផងដែរ គ្រាដែលគេមើលឃើញថាអាជ្ញាធរនិងសមត្ថកិច្ចថៃកំពុងរិត បន្តឹងទៅលើការធ្វើចំណាកស្រុកខុសច្បាប់ ទៅរស់នៅ និងធ្វើការងារខុសច្បាប់ក្នុងប្រទេសថៃនោះ ។

ការឃាត់ខ្លួនពលករខ្មែរ១២៩នាក់ក្រោយពីតម្រួតថៃរកឃើញថាពលករខ្មែរទាំងនោះបានស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃគ្មានលិខិតស្នាមត្រឹមត្រូវ ។ សូមរំលឹកថា ពលករខ្មែរដែលធ្វើដំណើរឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ត្រូវគេមើល ឃើញថាពួកគេភាគច្រើនធ្វើដំណើរចាកចេញទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដែលមានការឃុប ឃិតគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនទាំងកម្ពុជានិងថៃ ។

ពាក់ព័ន្ធនឹងការឆ្លងដែន ខុសច្បាប់នោះដែរ កន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថា ពលករខ្មែរមានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំងដូចជាត្រូវចាញ់បោកការជួញដូរមនុស្ស និងកម្លាំងពលកម្មពីសំណាក់មេខ្យល់ខ្មែរនិងមេខ្យល់ថៃ ប្រឈមនិងការចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ពីសមត្ថកិច្ចថៃ និងការធ្វើដំណើរតាមរថយន្តរត់គេចពីការតាមចាប់របស់តម្រួតថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងរបួសផងដែរ ។

បញ្ហាប្រឈមទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាធ្លាប់កើតឡើងចំពោះពលករខ្មែរជាបន្តបន្ទាប់រួចហើយផងនោះដែរ។ ពលករខ្មែរ១២៩នាក់ខាងលើក្រោយពីតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ក៏បានធ្វើការអប់រំពីសំណាក់សមត្ថកិច្ចកម្ពុជាឈរ ជើងនៅច្រកអន្តរជាតិដូងដោយណែនាំឱ្យពួកគាត់ បញ្ឆប់ការធ្វើដំណើរទាំងប្រថុយប្រថានទៅរកការងារធ្វើក្នុងប្រទេសថៃខុសច្បាប់តទៅទៀត ហើយសំណូមពរឱ្យពួកគាត់ស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ៕ ពាយព្យ

beayob (2)

beayob (5)

beayob (4)

beayob (3)

beayob (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *