តាចាស់អាយុ៧៣ឆ្នាំ រំលោភចៅស្រីរហូតមានផ្ទៃពោះ៦ខែ

ខេត្តក្រចេះ៖ នគរបាលស្រុកស្នួល បានចាប់បញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់អាយុ៧៣ឆ្នាំ មកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត ដោយជាប់សង្ស័យ លើករណីរំលោភសេពសន្ថវៈ លើចៅស្រីចុងរហូតមានផ្ទៃពោះ៦ខែ ។ ចំណែកនគរបាលនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោងនិងបញ្ជូនខ្លួនជនជាប់សង្ស័យបន្តទៅតុលាការ នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ ក្រោយពីបញ្ចប់ការសាកសួរតាមនីតិវិធី ។

បុរសវ័យចំណាស់ជាប់សង្ស័យរូបនេះឈ្មោះ ជា គា អាយុ៧៣ឆ្នាំ មានមុខរបរជាគ្រូថ្នំាខ្មែរ រស់នៅក្នុងភូមិតាសោម ឃុំស្វាយជ្រៈ ស្រុកស្នួល ខេត្តក្រចេះ ជាឱពុកចុង របស់ម្តាយក្មេងស្រីរងគ្រោះ និងក៏ជាជីតាចុងរបស់នាងផងដែរ។

យ៉ាងណាករណីរំលោភសេពសន្ថវៈពីតាលើចៅស្រីរហូតមានផ្ទៃពោះនេះ គឺមិនកើត មានការប្តឹងប្តល់ពីក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះនោះទេ តែក៏ត្រូវបានលើកឡើងដោយ ក្រុមប្រឹក្សាឃុំទៅវិញ។ ក៏ដោយសារតែក្មេងស្រីរងគ្រោះជាកូនទោកំព្រាឱពុក និងសព្វថ្ងៃ រស់នៅជាមួយនិងស្រ្តីជាម្តាយដែល មិនមានការយកចិត្តទុកដាក់លើនាង មិនតែប៉ុណ្ណោះ ជនសង្ស័យវ័យចំណាស់ តែងតែធ្វើការគំរាមពាក្យសម្តីយ៉ាងធ្ងន់ធ្ងរមកលើនាង ទៀតផងនោះ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ចាន់ សុខគីម បានឲ្យដឹងថា បន្ទាប់ ពីមានការលើកឡើងពីសមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រៈ នៅក្នុងកិច្ចប្រជុំមួយនៅសាលា ស្រុកស្នួល កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ថា មានករណីរំលោភសេពសន្ថវៈរវាងជីតា មកលើចៅស្រីរហូតមានផ្ទៃពោះ ទើបកម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះឃាត់ខ្លួនបុរសសង្ស័យ វ័យចំណាស់មកសាកសួរទាំងគ្មានពាក្យបណ្តឹង។

បានបញ្ជាក់ថា ក្រោយការនាំខ្លួនបុរសសង្ស័យវ័យចំណាស់ ព្រមទាំងក្មេងស្រីរងគ្រោះមកសាកសួរ និង ទទួលបានចម្លើយសារភាព ទើបនគរបាលសម្រេចឃាត់ខ្លួនបុរសសង្ស័យវ័យចំណាស់ រូបនេះពាក់ព័ន្ឋនិងករណីរំលោភសេពសន្ថវៈ។

លោកស្រីវរៈសេនីយ៍ត្រី នៅ រតនា ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឱ្យដឹងថា បើតាមការសម្រង់ចម្លើយរបស់ក្មេងស្រីរងគ្រោះ វ័យ១៦ឆ្នាំរូបនេះ បានរៀបរាប់ថា កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បុរសសង្ស័យ ជាជីតារូបនេះ បានបបួល នាងដើរមើលជម្ងឺឲ្យគេតាមភូមិ។ ដោយក្នុងមួយកន្លែងត្រូវដេកផ្លូវ២ទៅ៣យប់ទើបត្រឡប់ មកផ្ទះវិញ។ ហើយបុរសជាប់ចោទវ័យចំណាស់រូបនេះ បានល្បួងនាងរំលោភ រហូតបានសម្រេចចំនួន៣ដង។

ក្រោយការល្បួងចាប់រំលោភបានសម្រេចជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះបានធ្វើ ឲ្យក្មេងស្រីរងគ្រោះវ័យ១៦ឆ្នាំ មានផ្ទៃពោះចំនួន៦ខែ។ តែយ៉ាងណានាងក៏មិនហ៊ានប្តឹង ប្តល់ជនសង្ស័យជាជីតារូបនេះទេ ក៏ព្រោះតែកន្លងមក ជនសង្ស័យរូបនេះបានគំរាមនាង ដោយបង្គាប់នាងឲ្យដើរប្តឹង ថាទោះជាប្តឹងដល់ទីណា ក៏គាត់មិនខ្លាចដែរ។

អ្នកស្រីស្នងការរងបានបញ្ជាក់ថា ក្រោយពីទទួលបានចម្លើយសារភាពគ្រប់គ្រាន់ ជនជាប់ចោទជាជីតា រូបនេះ ត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

Loading...