តុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនបរិស្ថាន៣នាក់

ខេត្តកោះកុង ៖យុវជនដែលជាសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិចំនួន ៣នាក់ ត្រូវបានតុលាការខេត្តកោះកុង សម្រេចឃុំខ្លួននៅល្ងាចថ្ងៃទី១៧ ខែសីហា ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់នេះបន្ទាប់ពីត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួន ខណៈដែលពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងភូមិធ្នង់ ឃុំកណ្ដោល និងនៅភូមិ តាមាឃ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ កាលពីព្រឹកថ្ងៃដដែលនេះ ហើយយកមកឃុំសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តអស់រយៈពេលជិតមួយថ្ងៃ។

មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលរឿងនេះ យល់ឃើញថា ការចាប់ខ្លួនក្រុមយុវជនទាំងនោះគឺជាការគំរាមកំហែង មិនមានការតស៊ូមតិប្រឆាំងនឹងអាជីវកម្មបូមខ្សាច់ដែលក្រុមយុវជន និងប្រជាពលរដ្ឋចោទថា កំពុងធ្វើឲ្យមានផលប៉ះពាល់បរិស្ថាន និងជីវភាពប្រជាពលរដ្ឋ។

ក្រុមយុវជនទាំង ៣នាក់ ដែលតុលាការខេត្តកោះកុង សម្រេចចាប់ឃុំខ្លួននោះ មានឈ្មោះ សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ឹម សំណាង។

យុវជនមួយរូបជាសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ គឺលោក សន ចាន់ដារ៉ា បានឲ្យដឹងក្រោយការចាប់ខ្លួនក្រុមរបស់ពួកគេនោះថា ការចាប់ខ្លួននោះធ្វើឡើងទាំងបង្ខំ និងពុំមានដីកាឡើយ។

យុវជនដដែលនេះបង្ហាញថា ករណីនេះគឺជាការគំរាមកំហែងក្រុមយុវជនមានសកម្មភាពតវ៉ាពាក់ព័ន្ធសកម្មភាពបូមខ្សាច់ដែលធ្វើឲ្យប៉ះពាល់បរិស្ថានធម្មជាតិ និងមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៖ «មកចាប់ទាំងតក់ក្រហល់អ៊ីចឹង គ្មានដីកាគ្មានអីអ៊ីចឹង គឺជារូបភាពគំរាមកំហែងបំបាក់ស្មារតីយុវជន ដូចថ្មីៗនេះមានចាប់សកម្មជនបក្សប្រឆាំង ជាពិសេសយុវជនដែលកំពុងធ្វើសកម្មភាពការពារបរិស្ថាន»។

ទាក់ទងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលកំពុងឃ្លាំមើលការចាប់ខ្លួននេះបានឲ្យដឹងថា ក្នុងការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តមុនតុលាការសម្រេចចោទប្រកាន់នោះ សមត្ថកិច្ចមិនឲ្យមន្ត្រីសិទ្ធិមនុស្សចូលរួមឡើយ៖ «បើតាមប៉ូលិសប្រាប់ខ្ញុំថា អ្នកទាំង ៣អត់ព្រមឆ្លើយអ្វីទាំងអស់ ដោយរង់ចាំមេធាវីមកដល់សិន និងចង់ដឹងថា អ្នកណាអ្នកប្ដឹង ហើយគេមានបទល្មើសអី?»។

ប៉ុន្តែស្ថានការណ៍ចុងក្រោយយុវជន ៣រូប ជាសកម្មជនបរិស្ថានត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ជាផ្លូវការហើយពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបណ្តោះអាសន្នភ្លាមៗដោយរង់ចាំតុលាការកាត់សេចក្ដីនៅពេលក្រោយ។

លោកបន្តថា ការចាប់ឃុំខ្លួននេះ គឺជាការគំរាមកំហែងដល់អ្នកដែលព្យាយាមតស៊ូមតិដើម្បីការបរិស្ថាន ហើយក្រុមយុវជននេះពួកគាត់មានក្តីកង្វល់អំពីផលប៉ះពាល់បរិស្ថានសម្រាប់ប្រទេសជាតិគាត់ទៅថ្ងៃមុខ ដូច្នេះអាជ្ញាធរគួរតែទម្លាក់ចោលរាល់ការចោទប្រកាន់ ហើយសិក្សារកដំណោះស្រាយដោយសន្តិវិធីទើបជាការប្រសើរ៖ «ព្រោះកន្លងមកពួកគាត់តស៊ូមតិដោយអហិង្សា ហើយក្រសួងរ៉ែ និងថាមពលគួរតែបញ្ឈប់សាឡង់កុំឲ្យបូមខ្សាច់ តែបែរជាចាប់ពួកគាត់ចោទប្រកាន់តាមផ្លូវច្បាប់បំបាក់ស្មារតីពួកគាត់ទៅវិញ»។

អង្គការមាតាធម្មជាតិបានពឹងមេធាវីរបស់អង្គការក្នុងស្រុករួចហើយ ដើម្បីដោះស្រាយករណីចាប់ឃុំខ្លួននេះតាមផ្លូវច្បាប់។

កាលពីថ្ងៃ១៦ ខែសីហា យុវជនទាំងនេះបាននាំគ្នាលើកបដានៅលើស្ពានអណ្ដូងទឹក ដែលមានខ្លឹមសារថា «សុំបញ្ឈប់ការបូមខ្សាច់» នឹងបានយកច្រវាក់ដាក់ជាខ្នោះដៃ និងជើងទៀតផង។

កន្លងមក ជាញឹកញាប់ក្រុមយុវជននៃអង្គការមាតាធម្មជាតិ រួមគ្នាជាមួយប្រជាសហគមន៍បានតវ៉ាបណ្តេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនមួយចំនួនឲ្យបញ្ឈប់សកម្មភាពក្នុងស្រុកបទុមសាគរ ពីព្រោះពួកគេយល់ឃើញថា កាបូមខ្សាច់នោះធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះក្នុងទឹក និងធនធានធម្មជាតិដទៃទៀត មានដូចជាពពួកសត្វសមុទ្រគ្រប់ប្រភេទ និងព្រៃកោងកាងជាដើម។

សកម្មភាពទាំងនេះកន្លងមកអាជ្ញាធរ និងក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់មិនសប្បាយចិត្តចំពោះការតវ៉ានេះឡើយ។ យុវជននៃអង្គការមាតាធម្មជាតិបានធ្វើសកម្មភាពការពារបរិស្ថានឥតរុញរា ក្រោយពេលរដ្ឋាភិបាលបានចាប់បញ្ជូនអង្គការនេះ គឺលោក អាឡិក ជនជាតិអេស្ប៉ាញ ទៅកាន់ប្រទេសរបស់ខ្លួនវិញ ក្រោយពីលោកបញ្ចេញសកម្មភាពខ្លាំងក្នុងការពារបរិស្ថាននៅខេត្តកោះកុង ពិសេសនៅតំបន់អារ៉ែង។

សកម្មជនទាំងនោះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរស្រុកបទុមសាគរ កោះហៅទៅសាកសួរ ២លើកមកហើយ ហើយលើកចុងក្រោយនៅថ្ងៃទី១៤ ខែសីហា ដើម្បីឲ្យចូលខ្លួនទៅបំភ្លឺចំពោះពាក្យបណ្ដឹង ប៉ុន្តែសកម្មជនទាំងនេះ ពុំបានទៅជួបសមត្ថកិច្ចតាមការកោះហៅឡើយដោយសារលិខិតនោះពុំបានបញ្ជាក់ពីដើមបណ្តឹង ហើយមិនបង្ហាញថា គេប្តឹងពីរឿងអ្វីនោះទេ។

ក្រុមសិទ្ធិមនុស្ស និងអង្គការមាតាធម្មជាតិសន្និដ្ឋានថា បញ្ហាទាំងអស់នេះហើយដែលអាចជាដើមចមដែលនាំឲ្យមានការចាប់ខ្លួនយុវជនទាំង ៣នាក់នោះ។

តែទោះយ៉ាងណាក៏ដោយ យុវជន សន ចាន់ដារ៉ា នៃអង្គការមាតាធម្មជាតិ ព្រមានថា ពួកគេមិនភិតភ័យចំពោះការគំរាមកំហែងតាមរយៈការចាប់ខ្លួនបែបនេះឡើយ ហើយពួកគេរួមជាមួយប្រជាសហគមន៍នឹងធ្វើការតវ៉ាទ្រង់ទ្រាយធំម្តងទៀតនៅពេលឆាប់ៗខាងមុខនេះ នៅលើស្ពានអណ្ដូងទឹក ឃុំអណ្តូងទឹក ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access) ដែលកំពុងធ្វើសកម្មភាពនៅនោះ សុំឲ្យបញ្ឈប់ជាបន្ទាន់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *