តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនស្ត្រីសង្ស័យម្នាក់ ប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្តី ក្នុងរឿងស្នេហាត្រីកោណ នៅក្នុងពន្ធនាគារខេត្តនោះហើយ 

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក ម៉ង់ សូហាន បានចេញដីកាលេខ ៥៩៣ នៃសំណុំរឿងលេខ ១៥៤ ចុះថ្ងៃទី២៣កញ្ញាឆ្នាំ២០២០ បានបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ ឈ្មោះ ហួត សុខឡេង ហៅ លីដា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកម៉ាស្សា កើតនៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សា្នក់នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ស្ត្រីជាប់ចោទ ហួត សុខឡេង មានប្តីឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ មានប្រុសកូនម្នាក់រស់ក្នុងបន្ទុក ។ ជនត្រូវចោទ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ឃាតកម្ម» ប្រព្រឹត្តនៅចំណុច វាលរំពេរ៍ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១កញ្ញាឆ្នាំ២០២០ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញាត្តិ មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កម្លាំងនគរបាលស្រុកសេសាន ខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ចាក់សម្លាប់ប្តីខ្លួនឯង នឹងកាំបិតចុងស្រួច ក្រោយផ្ទុះការប្រចណ្ឌក្នុងរឿងស្នេហាត្រីកោណ។

បុរសជាប្តីរងគ្រោះ ត្រូវបានស្ត្រីសង្ស័យជាប្រពន្ធ ចាក់ជាច្រើនកាំបិតចុងស្រួច បណ្តាលឲ្យដេកដួលនៅ ក្នុងថ្លុកឈាម ក្រោយពីផ្ទុះកំហឹងផ្លូវចិត្ត ដោយសារជនរងគ្រោះបាននាំស្រីស្នេហ៍ មកក្រេបទឹកឃ្មុំនៅលើផ្ទះ និងក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីសង្ស័យដៃដល់ បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ភ្លាមៗផងដែរ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង ៣រសៀល ថ្ងៃទី២១កញ្ញាឆ្នាំ២០២០ នៅចំណុច វាលរំពេរ៍ ប្របនឹងផ្លូវជាតិលេខ៧ ស្ថិតនៅក្នុង ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ស្ត្រីសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់បញ្ជូនមកសាកសួរ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ចាត់ការតាមច្បាប់ ៕

 

 

 

Loading...