តុលាការសម្រេចឃុំខ្លួន ប្រធានសហជីពម្នាក់ករណីផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គប់ឲ្យឃុំខ្លួនប្រធានសហជីពកម្មករសំណង់ម្នាក់ដែលមានមូលដ្ឋាននៅប្រទេសថៃមកពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ” បណ្ដោះអាសន្នរងចាំបើកសវនាការជនុំជម្រុះរឿងក្ដីនេះ ។

លោក​លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យឈ្មោះ រ៉ាត់ រដ្ឋមុនីពីបទ ញុះញង់អោយមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា នគរបាលក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែធ្នូ នេះ បញ្ជូនប្រធានសហជីពកម្មករសំណង់ម្នាក់ដែលមានមូលដ្ឋាននៅប្រទេសថៃមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ” ។ កាលពីសប្ដាហ៍មុន អ្នកស្រី ឡុង គីមហ៊ាងត្រូវជាភរិយាលោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ RT ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញតាមការស្នើសុំ ។

អ្នកស្រី ឡុង គឹមហ៊ាង អះអាងថា ការចាប់ខ្លួនស្វាមីពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។

សូមបញ្ជាក់ថា “ម្តាយខ្ញុំលក់ខ្ញុំ” និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បារព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ៕

 

Loading...