តុលាការសម្រេចមិនឃុំខ្លួនជនត្រូវចោទ២នាក់ ដែលគំរាមសម្លាប់សែរាជវង្ស

ភ្នំពេញ៖ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ បានសម្រេចដោះលែងជនត្រូវចោទ ២នាក់ ដែលបានរងការចោទថា បានរៀបចំគម្រោងសម្លាប់ជនរងគ្រោះជា ខ្សែរាជវង្ស សុីសុវត្តិ ឱ្យមានសេរីភាព ខណៈតំណាងអយ្យការបានចោទប្រកាន់ជនត្រូវចោទទាំងពីរជាស្ថាពរយ៉ាងណាក្ដី ។

ជនសង្ស័យទាំងពីរខាងលើនេះ មានឈ្មោះណយ វណ្ណយុទ្ធ ហៅ លី យ៉ុងវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ រីឯម្នាក់ទៀតឈ្មោះមួន ច័ន្ទម៉ូនីកា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២D ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ រាជធានីភ្នំពេញ ។ ទាក់ទិននិងការឃាត់ខ្លួនជនសង្ស័យ២រូបនេះ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា៖ ការឃាត់ខ្លួននេះ គឺធ្វើឡើងតាមពាក្យបណ្តឹង របស់ព្រះនាង សុីសុវត្ថិកែវ សោមាករិថារកា។

យោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក ប៊ុន ធី ចៅក្រមសើុបសួរ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទនោះទេ ដោយដាក់ជនត្រូវចោទនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវលោកហ៊ឹង ប៊ុនថន តំណាងអយ្យការចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ បទបញ្ញត្តិមានចែងក្នុងមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌកម្ពុជា។

គួររំឮកថា ជនត្រូវចោទដែលតុលាការសម្រេចដោះទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

ក្រោយពេលឃាត់ខ្លួន ជនត្រូវចោទត្រូវបានសមត្តកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់ អស់រយៈពេល៤ថ្ងៃទើប មានការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញនៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ៕

32

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *