តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​និស្សិត​គំរាម​សម្លាប់​លោក ស ខេង

ខេត្តសៀមរាប៖ក្រុម​គ្រួសារ​របស់​យុវជន​ឈ្មោះ តៅ សាវឿន ទទួល​ស្គាល់​ថា កូន​ប្រុស​របស់​គាត់​ពិត​ជា​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គំរាម​សម្លាប់​លោក ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិត​មែន។ ការ​គំរាម​ដល់​អាយុ​ជីវិត​នេះ ដោយសារតែ​គេ​ខឹង​លោក ស ខេង ដែល​មិន​មាន​គម្រោង​ច្បាស់លាស់​ម្ដង​ថា នឹង​មក ហើយ​ម្ដង​ថា​មិន​មក​ចែក​សញ្ញាប័ត្រ​ឱ្យ​ពួកគេ​ទៅ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ ​ទី​២៨ ខែ​កញ្ញា នោះ​ទេ។

​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំ​ខ្លួន​អតីត​និស្សិត​ម្នាក់​ឈ្មោះ តៅ សាវឿន ដែល​ជា​អ្នក​សរសេរ​គំរាម​ថា នឹង​សម្លាប់​លោក ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​កញ្ញា។ ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​បាន​ធ្វើ​ការ​សាកសួរ​ទៅ​ជនសង្ស័យ​ជាច្រើន​ម៉ោង​មក។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​នេះ គឺ​លោក ជួន សុបញ្ញា។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​កញ្ញា ថា លោក​បាន​ចោទ​ប្រកាន់​ទៅ​លើ​អតីត​និស្សិត​ឈ្មោះ តៅ សាវឿន នោះ ពី​បទ​គំរាម​ថា​នឹង​សម្លាប់​ទៅលើ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង យោង​ទៅ​តាម​មាត្រា ៣៣៣ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី៖ «ខ្ញុំ​បាន​ប្រគល់​ទៅ​ខាង​ចៅក្រម​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា យ៉ាងម៉េច​នៅ​ឡើយ​ទេ»

​មន្ត្រី​ក្រឡាបញ្ជី​នៃ​តុលាការ​ខេត្ត​សៀមរាប ១​រូប ឱ្យ​ដឹង​ថា ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​មក គឺ​ចៅក្រម​ស៊ើបសួរ លោក រ៉ែម សុភក្តិ បាន​សម្រេច​ឃុំ​ខ្លួន​អតីត​និស្សិត តៅ សាវឿន នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន។

យុវជន តៅ សាវឿន អាយុ ២៦​ឆ្នាំ នៅ​ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​សកល​វិទ្យាល័យ​ឯកជន សៅថ៍ អ៊ីស អេស៊ា (South East Asia) រយៈពេល ២​ឆ្នាំ​ហើយ ដោយ​ក្លាយ​ទៅ​ជា​អ្នកគ្រប់គ្រង​នៅ​សណ្ឋាគារ​មួយ​កន្លែង។ កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ បន្ទាប់​ពី​គាត់​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គំរាម​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​សម្លាប់​លោក ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អ្នកស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ (LICADHO) ខេត្ត​សៀមរាប អ្នកស្រី ឈុយ វ៉ាន់ថា ឱ្យ​ដឹង​ថា អ្នកស្រី​បាន​ចុះ​ស៊ើបអង្កេត​ទៅ​ដល់​ផ្ទះ​យុវជន តៅ សាវឿន នោះ​ហើយ។ អ្នកស្រី​បញ្ជាក់​ថា ឪពុក​ម្ដាយ​របស់ តៅ សាវឿន ទទួល​ស្គាល់​ថា កូន​របស់​គាត់​ពិត​ជា​បាន​សរសេរ​គំរាម​សម្លាប់​លោក ស ខេង តាម​បណ្ដាញ​ហ្វេសប៊ុក មែន។ ការ​សរសេរ​គំរាម​នោះ គឺ​បណ្ដាល​មក​ពី​គេ​ខឹង​នឹង​លោក ស ខេង ដែល​មិន​មាន​គម្រោង​ច្បាស់លាស់​ក្នុង​ការ​អញ្ជើញ​មក​ខេត្ត​សៀមរាប ដើម្បី​ចែក​សញ្ញាប័ត្រ​ដែល​គ្រោង​ទុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។

អ្នកស្រី ឈុយ វ៉ាន់ថា៖ «សាលា​បាន​ជូន​ដំណឹង​ថា ទទួល​សញ្ញាប័ត្រ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ហ្នឹង ប៉ុន្តែ​ព្រឹក​ថ្ងៃ​ទី​២៦ លោក ស ខេង ក៏​ប្រាប់​ថា ប្រហែលជា​មិន​បាន​មក​ទេ ពីព្រោះ​អាកាសធាតុ​មិន​ល្អ រួច​ទៅ​សាលា​ក៏​ជូន​ដំណឹង​ទៅ​អ្នក​ដែល​ត្រូវ​មក​ទទួល​សញ្ញាប័ត្រ​នោះ​វិញ»

អ្នកស្រី ឈុយ វ៉ាន់ថា បញ្ជាក់​ទៀត​ថា ឪពុក​របស់​យុវជន តៅ សាវឿន បាន​អំពាវនាវ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដោយ​សូម​កុំ​ឱ្យ​ប្រកាន់​ទោស​អូស​ដំណើរ​ទៅ​លើ​កូន​ប្រុស​របស់​គាត់ ពី​ព្រោះតែ​យុវជន​ម្នាក់​នោះ កំពុង​ស្ថិត​ក្នុង​វ័យ​ក្មេង​ខ្ចី មិន​ទាន់​ចេះ​ពិចារណា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *