តុលាការ​ខេត្ត​សៀមរាប​សាកសួរ​យុវជន​រឿង​គំរាម​បោក​គ្រាប់​បែក​សម្លាប់​លោក ស ខេង

ខេត្ត​សៀមរាប៖កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (South-East Asia) ដែល​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទៅ​តុលាការ។ សមត្ថកិច្ច បាន​ឃាត់​ខ្លួន​យុវជន​រូប​នេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។

តុលាការ​ខេត្ត​សៀមរាប សាកសួរ​យុវជន​ដែល​ពាក់ព័ន្ធ​សំណុំ​រឿង​គំរាម​បោក​គ្រាប់​បែក​សម្លាប់ លោក ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សួន សុបញ្ញា មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កញ្ញា លោក​កំពុង​សាកសួរ​យុវជន​ឈ្មោះ តៅ សាវឿន ពី​មូលហេតុ​ដែល​សរសេរ​គំរាម លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាម​បណ្ដាញ​សង្គម។ លោក​បញ្ជាក់​ថា លោក​នឹង​បន្ត​សាកសួរ​យុវជន​រូប​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ទៀត មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច។

យុវជន​ឈ្មោះ តៅ សាវឿន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ក្នុង​ខេត្ត​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥។ មន្ត្រី​ប៉ូលិស​ឲ្យ​ដឹង​ថា និស្សិត​រូប​នេះ​បាន​បញ្ចេញ​មតិ ឬ​ខមមិន (Comment) នៅ​ក្នុង​ទំព័រ​គណនេយ្យ​របស់​ខ្លួន​ដោយ​សរសេរ​ថា «ចាំ​សម្ដេច​មក​ដល់ នាំ​គ្នា​ដាក់​គ្រាប់​បែក​ឲ្យ​ងាប់​ទាំងអស់​គ្នា​ម្ដង»។

ការ​បង្ហោះ​នេះ បាន​សរសេរ និង​ខមមិន​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ គឺ​មុន​ពេល​ពីរ​ថ្ងៃ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រគល់​ប័ណ្ណ​សរសើរ​ដល់​និស្សិត​ជ័យ​លាភី​នៃ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ខេត្ត​សៀមរាប ដែល​ខ្លួន​កំពុង​សិក្សា។

ឆ្លើយ​តប​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ថង សាគុណ ថ្លែង​ថា យុវជន​រូប​នេះ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច។ លោក​ថា ប៉ូលិស​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប៉ុនប៉ង​គប់​គ្រាប់​ បែក៖ «ចម្លើយ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច យុវ​សិស្ស​នេះ​បាន​រៀបរាប់​ថា ខ្លួន​ហ្នឹង​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផ្ទាល់ អត់​មាន​នរណា​បង្ខំ អត់​មាន​នរណា​បញ្ជា​ទេ។ គាត់​សរសេរ​ហ្នឹង​មាន​បំណង​ដូច​មិន​ល្អ​ហ្មង ចង់​ឲ្យ​ផ្ទុះ​គ្រាប់​បែក​ឲ្យ​ងាប់​ទាំងអស់​គ្នា​ហ្មង»

ទាក់ទង​នឹង​ការ​គំរាម​សម្លាប់​នៅ​លើ​បណ្ដា​សង្គម​ហ្វេសប៊ុក​នេះ​ដែរ កន្លង​មក តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ផង់ សីហា ក្នុង​ករណី​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ពាក់ព័ន្ធ​រឿង​ផែនទី និង​ព្រំដែន​កម្ពុជា-វៀតណាម ហើយ​កាល​ពី​ខែ​សីហា សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ឈ្មោះ គង់ រ៉ៃយ៉ា ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ របស់​ខ្លួន ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​ដែរ។ ដោយឡែក​ករណី​គំរាម​សម្លាប់ លោក កឹម សុខា មេ​បក្ស​ប្រឆាំង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​២០១៣ ដែល​គេ​ស្គាល់​ថា ម្ចាស់​គណនេយ្យ​ឈ្មោះ ផែង វណ្ណៈ ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ នោះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៕

image2

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *