តុលាការ​ផ្តន្ទា​ទោស​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់ហេង​ នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ដាក់​ពន្ធនាគារ​១ឆ្នាំ​ រឿង​រំលោភ​បំពាន​ដី​ប្រជាពលរដ្ឋ​

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រីឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍអភិវឌ្ឍន៍ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យ៣លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៤០០លានរៀល ពាក់ព័ន្ធករណីរំលោភបំពានដីប្រជាពលរដ្ឋជិត១៥០ហិចតា នៅខេត្តកំពង់ឆ្នាំង ។

លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឈ្មោះ សៀង ចាន់ហេង អាយុ៥២ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោមការចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារ និង ប្រើប្រាស់ឯកសារក្លែង តាមមាត្រា ៦២៦ មាត្រា៦២៧ និង មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ដើម្បីស៊ីដាច់ដីទំហំ១៤៧ ហិចតា ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា កាលពីអំឡុងឆ្នាំ១៩៩៥ លោកស្រី លឹម ឃី និងមនុស្ស៩នាក់ផ្សេងទៀត បានចូលហ៊ុនគ្នាទិញដីទំហំ១៤៧ហិចតា មានទីតាំងស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លុះដល់ឆ្នាំ២០១៣ លោកស្រី លឹម ឃី បានទៅមើលដីទើបដឹងថា ដីនេះត្រូវបានក្រុមគ្រួសារលោកស្រីឧកញ៉ា សៀង ចាន់ហេង លក់ទៅឲ្យឈ្មោះ គង់ សែន និង ប្រពន្ធឈ្មោះ នី គឹមអ៊ាន់ ។

ផ្តើមចេញពីបញ្ហាទាំងនេះហើយ ទើបលោកស្រី លឹម ឃី ដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ឧកញ៉ា សៀង ចាន់ហេង តែម្ដង ។

ពាក់ព័ន្ធការចោទប្រកាន់នេះ ពុំទាន់សុំការបំភ្លឺពីលោកស្រីឧកញ៉ា សៀង ចាន់ហេង បាននៅឡើយទេ ព្រោះលោកស្រីគ្មានវត្តមាននៅតុលាការ ៕

hqdefault

Loading...