តួកគី មានបំណងជំរុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា-តួកគី

ដើម្បីជំរុញកំណើរទេសចរ រវាង ប្រទេសកម្ពុជានិង តួកគីបន្ថែម លោកស្រី ឯកអគ្គរដ្ឋទូតតួកគីថ្មី មានបំណងជំរុញឲ្យមានជើងហោះហើរត្រង់ មកព្រះរាជាណចក្រកម្ពុជា-តួកគី ខណៈដែលប្រទេសក្នុងតំបន់អាស៊ានមួយចំនួន តួកគីបានតភ្ជាប់ជើងហោះហើរត្រងរួចហើយដែរ ។ ការសន្យានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ វរងាលោកជំទាវ អេយដា អុងលូឯកអគ្គរដ្ឋទូតតួកគីថ្មី ក្នុងឱកាសចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨នៅទីស្តីការក្រសួង។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ថុក សុខុម បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួប រវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រីអេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាថា ក្នុងឱកាសនោះ លោក ថោង ខុន បានស្នើឲ្យភាគីតួកគី ដែលជាប្រទេសជោគជ័យ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិនិត្យលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅ កម្ពុជា រួមមាន ការវិនិយោគលើវិស័ទេសចរណ៍ ការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍និងការតភ្ជាប់ជើងហោះហើរត្រង់ ពីតួកគីមកកម្ពុជា ។

ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មី របស់ប្រទេសតួកគីប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងអាណត្តិបំពេញការងារ ជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសកម្ពុជា លោកជំទាវនឹងខិតខំជំរុញឲ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដើម្បីផ្លាស់ប្ដូរចរន្តទេសចរ និងអ្នកវិនិយោគទុក រវាងប្រទេសទាំងពី ជាពិសេសការពង្រឹកទំនាក់ទំនងឲ្យកាន់តែរឹងមាំ និងស្និតស្នាលថែមទៀត ។ ទន្ទឹមិងនោះលោកជំទាវនិងខិតខំជំរុញ ឲ្យមានការចុះហត្ថលេខា លើអនុស្សរណនៃការយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ នាខែតុលា ឆ្នាំ២០១៨ ខាងមុខ ក្នុងគោលដៅ ជុំរុញការវិនិយោគ ការបណ្តុះបណ្តាល និងជើងហោះហើរត្រង់ តួកគី-កម្ពុជា ផងដែរ ។

លោក ថោង ខុន បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីសក្កដានុពលវិស័យទេសចរណ៍ ដ៏សម្បូរបែប នៅកម្ពុជា ដើម្បីឲ្យអ្នកវិនិយោគទុនតួកគី បានដឹង និងស្វែងយល់បន្ថែម ក្នុងឱកាសវិនិយោគលើវិស័យនេះ ក្នុងនោះកម្ពុជា មានប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុកសុទ្ធតែបានចុះបញ្ជីបេតិកភ័ណ្ឌនៅអង្គការយូណេស្គូរួចហើយ និងនៅមានប្រាសាទជាច្រើនកន្លែងទៀត ពិសេសតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អេកូទេសចរណ៍ ព្រៃកោងកាង តំបន់អារ៉ែង និងភូមិភាគគឦសានជាដើម ។ សូមជម្រាបផងដែរ ប្រទេសតួកគី មានជើងហោះហើរត្រង់ ទៅកាន់ប្រទេសនានា ប្រមាណ១១៩ប្រទេស ហើយឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗប្រមាណ ២៥០ទីក្រុងនៅលើពិភពលោក ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ីផងដែរ ៕

 

 

 

Loading...