តើជាការពិតទេ ដែលអាជ្ញាធរខេត្តបាត់ដំបង ជាអ្នកបើកដៃឲ្យឈ្មោះ “តាល់” បើកលេងល្បែងភ្នាល់ទឹកភ្លៀង ដ៏ធំយ៉ាងគគ្រឹកគគ្រេងបែបនេះ?

ខេត្ត​បាត់ដំបង ៖ ពលរដ្ឋរស់នៅទីរួមខេត្តបាត់ដំបង កំពុងមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរខេត្ត និងសមត្ថកិច្ចមិនពិនិត្យ និងបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដ៏ធំដុះស្លែ ដែលគេដឹងថា ឈ្មោះ(តាល់) ជាអ្នកកាង។

ក្រោមការដឹកនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត មិនទាន់មានវិធានការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ដែលដំណើរការចាក់ភ្នាល់យ៉ាងភ្លូកទឹក ភ្លូកដី ទោះមានបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យបិទក៏ដោយ ក៏ទីតាំងបើកភ្នាល់ចាក់ទឹកភ្លៀងនេះ នៅដំណើរការដដែល ហាក់កំពុងតែផ្គើននិងបទបញ្ជាពេកហើយ។

បើតាមប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បានឲ្យដឹងថា ម្ចាស់ទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនៅកណ្តាលទីក្រុងបាត់ដំបង មានឈ្មោះ តាល់ បានបើកលេងរាប់ឆ្នាំមកហើយ និងមិនឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបសោះ?

គេបានឲ្យដឹងថា ចាប់ពីដើមខែឧសភា ឈ្មោះ តាល់ មេបនល្បែងទឹកភ្លៀងបានយកលុយខ្ទប់មាត់សមត្ថកិច្ចគ្រប់ថ្នាក់ នៃខេត្តបាត់ដំបង ជាថ្នូរសម្រាប់ដំណើរការបើកលេងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងរបស់ខ្លួនឱ្យដំណើរដោយរលូនពេញមួយរដូវភ្លៀង។

ការដែលបានបណ្តែតបណ្តោយឱ្យមានការបើកល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងយ៉ាងកកក្រើកបែបនេះ គឺផ្គើននឹងបទបញ្ជាឬគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងរំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។

គេបានបង្ហើបឱ្យដឹងថា ឈ្មោះ តាល់ បានចំណាយលុយរត់ការឱ្យសមត្ថកិច្ចពាក់ព័ន្ធតូចធំ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង អស់រាប់ ម៉ឺនដុល្លារ ដើម្បីការពារនិងដំណើរការល្បែងភ្នាល់ទឹកភ្លៀងនេះយ៉ាងរលូន។ លោក តាល់ មិនត្រឹមតែជាមេបនល្បែងភ្នាល់ទឹកភ្លៀងប៉ុណ្ណោះទេ ថែមទាំងមានកន្លែងបើកល្បែងអាប៉ោងបៀរផងដែរ។

ប្រភពពីអ្នកលេងភ្នាល់ទឹកភ្លៀង បានឲ្យដឹងថា យុទ្ធសាស្ត្រក្នុងការលេង ក្រុមគេត្រូវរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេស នៃពាក្យនិយាយតាមវិទ្យុទាក់ទង ដើម្បីបំភ័ន្តភ្នែកមហាជន ដូចជា មួយខាំស្មើ១០០ដុល្លារ, ១គីឡូ ស្មើ១០០០ដុល្លារ, មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ។ អគារទីតាំងវិញ គឺមិនមានអគារណាមួយច្បាស់លាស់នោះទេ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅម្តុំខាងក្រោយផ្សារភូពុយ ឬខាងក្រោយវត្តទួលដូនប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅតំបន់ស្រែ១០០ ក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែណែនាំ និងក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ តាមតំបន់ដែលខ្លួនគ្រប់គ្រង ដោយសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន ធ្វើយ៉ាងណា ត្រូវអនុវត្តឲ្យបានគោលនយោបាយ ភូមិ-ឃុំមានសុវត្តិភាពទាំង៩ចំណុច ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុកសាន្ត។

បើទោះយ៉ាងនេះក្តី គេសង្កេតឃើញថា មន្ត្រីថ្នាក់ក្រោម ជាពិសេសក្នុងក្រុង-ខេត្តបាត់ដំបងនេះ ហាក់មានភាពអសកម្មនៅឡើយ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងខាងលើ។

ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង សំណូមពរដល់អភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ មេត្តាជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងផង ដើម្បីឆ្លើយតបគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព​៕

 

Loading...