តើជើងខ្លាំង ហ្ស៊ីន ស្រ៊ីលាភ ស្នងការរងខេត្តត្បូងឃ្មុំ អាចធ្លាក់ខ្លួនដៃជាប់ខ្នោះ ដូចនាយរងប៉ុស្តិ៍ស្អំដែរឬទេ?

ត្បូងឃ្មុំៈ ប្រភពបានរាយការណ៍ថា ជើងខ្លាំងខាងរារាំងមន្ត្រីសមត្ថកិច្ចបង្ក្រាបបទល្មើស ដែលគេដឹងថា ជានាយរងប៉ុស្ដិ៍ស្អំ ឈ្មោះ យ៉ា សុផល ត្រូវបានចាប់ខ្លួននាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះហើយ ហើយបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ ការចាប់ខ្លួនមន្ត្រីគ្រាប់ល្ពៅរូបនេះ បានធ្វើឲ្យមហាជននៅងឿងឆ្ងល់ថា តើជើងខ្លាំងល្បីឈ្មោះរកស៊ីជំនួញឈើគ្រញូងល្មើសច្បាប់ ហ្ស៊ីន ស្រ៊ីលាភ ដែលទិញឈ្មោះគេតាំងពីស័ក្តិតូច រហូតឡើងដល់ថ្នាក់ស្នងការរងខេត្តត្បូងឃ្មុំនោះ អាចមានវាសនាជាប់ខ្នោះ ដូចឈ្មោះ យ៉ា សុផល ដែរឬទេ ខណៈអ្នកទាំងពីរមានវត្តមានជាមួយគ្នាក្នុងសកម្មភាពរារាំងកម្លាំងរដ្ឋបាលព្រៃឈើ កំពុងបង្ក្រាបបទល្មើស ហើយក៏ជាម្ចាស់រថយន្តដឹកឈើគ្រញូងនោះផងដែរ។

បើតាមស្នងការ​នគរបាលខេត្តត្បូងឃ្មុំ ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Damrey Sar នាព្រលប់ថ្ងៃទី១៨ ខែធ្នូនេះ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ​បានចាប់ខ្លួន​បុរសម្នាក់ ហើយបញ្ជូនទៅឲ្យតុលាការចាត់ការតាមច្បាប់ ដែលការនេះ លោកស្នងការគូសបញ្ជាក់ថា មិនមែនធ្វើឡើងដើម្បីតម្រូវចិត្តអ្នកលេងបណ្ដាញសង្គមនោះឡើយ។

លោកស្នងការ ៖ «ដំណើរការក្តី ​ត្រូវអនុវត្តន៍តាមអង្គហេតុ និងអង្គច្បាប់ មិនអាចធ្វើតម្រូវចិត្ត តាមទស្សនៈ​ក្នុងបណ្តាញសង្គម​គ្រប់ៗទេ។ យើងទុកភារកិច្ចជូនអយ្យការ ចៅក្រមសាលាតំបូងខេត្តត្បូងឃ្មុំ លោកមានសុភវិនិច្ឆ័យតាមច្បាប់ មិនគប្បីត្មិះដៀលប្រមាថតាមអំពើចិត្តឡើយ។ នេះជាក្ដីរារាំងការអនុត្តន៍ច្បាប់ និងការចោទប្រកាន់ថា វាយតប់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងពេលបង្ក្រាបបទល្មើសព្រៃឈើ»។

បុរសដែលជាប់ខ្នោះដៃ និងត្រូវប៉ូលិសអូសទៅឡើងតុលាការនេះ គឺជាលោក យ៉ា សុផល នាយរងប៉ុស្ដិ៍ស្អំ នៃវរៈសេនាតូចការពារព្រំដែនគោកលេខ៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ល្បីខាងប្រើអំណាច សម្លុតគំរាមកំហែង និងវាយតប់​ទៅលើសមត្ថកិច្ច​រដ្ឋបាលព្រៃឈើ​ ដែលចុះអនុវត្តតួនាទីភារកិច្ចនោះ។ ដោយឡែក មានសំណួរថា ចុះលោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ទិញឈ្មោះពីនគរបាលឈ្មោះ ជួប ភារុណ ដើម្បីបានចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលបើតាមប្រភពឮថា គ្រាន់តែនគរបាលយុត្តិធម៌ ហៅទៅសាកសួរបន្តិចបន្តួច និងធ្វើកំណត់ហេតុស្តាប់ចម្លើយប៉ុណ្ណោះ? យ៉ាងម៉េចចេះ?

ទោះជាបែបណា ការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ចខេត្តជាប់ព្រំដែនវៀតណាម និងសម្បូររឿងអាស្រូវបទល្មើសព្រៃឈើមួយនេះ ហាក់នៅមានមន្ទិលត្រង់នេះតែម្ដង។ មន្ទិលត្រង់ថា ចាប់បានតែមន្ត្រីស័ក្ដិតូច ខណៈមន្ត្រីមានពាក់ស័ក្ដិក្រាស់លើស្មា គ្រាន់តែហៅទៅសួរនាំបន្តិចបន្តួច មិនទាន់ឃើញមានចំណាត់ការអ្វី។ យ៉ាងណា យើងមានតែរង់ចាំតាមដានដំណើររឿងបន្តបន្ទាប់ទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក យ៉ា សុផល ដែលមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក (ស័ក្ដិ៣) តួនាទីជានាយរងប៉ុស្ដិ៍ស្អំ ចំណុចវរៈសេនាតូចការពារព្រំដែនគោកលេខ៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបាននគរបាលខេត្តនេះ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទប្រមាថ និងបទប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា៥០២ និង៥០៣ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក មន្ត្រីនគរបាលឈ្មោះ ឆេន សុផាន ហៅប្រាក់ ដែលជាជនរងគ្រោះ ត្រូវលោក យ៉ា សុផល វាយនោះ សម្រេចមិនប្ដឹងជនបង្ក (យ៉ា សុផល) ពីបទបង្ករបួសស្នាមមកលើខ្លួនឡើយ។

គួររំឭកផងដែរថា មន្ត្រីនគរបាល ឋានៈនាយរងប៉ុស្តិ៍ស្អំ ឈ្មោះ យ៉ា សុផល នៃវរៈសេនាតូចការពារព្រំដែនគោកលេខ៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវត្តមានមករារាំងមន្ត្រីរាជការសាធារណៈ កំពុងបំពេញតួនាទីបង្ក្រាបបទល្មើសដឹកជញ្ជូនឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង និងឈានដល់ប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស បានក្លាយទៅជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចអាជ្ញាធរខេត្តមួយនេះ ហើយនៅបន្ទាប់ពីរឿងអាស្រូវរកស៊ីឈើគ្រូញូងដ៏រសើបនេះ ហ្ស៊ីន ស្រ៊ីលាភ ក៏ធ្លាយរឿងទិញឈ្មោះនគរបាលពីឈ្មោះ ជួប ភារុណ តាំងពីស័ក្តិតូច រហូតដល់តួនាទីជាស្នងការរងខេត្តត្បូងឃ្មុំ ។

កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ថ្មីៗនេះ កម្លាំងចម្រុះ និងជំនាញរដ្ឋបាលព្រៃឈើខេត្ត បានចុះបង្ក្រាបការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ចំនួន២រថយន្តតូច នៅលើកំណាត់ផ្លូវជាតិ លេខ៧ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏កើតឡើងនូវហិង្សាពីសមត្ថកិច្ចក្នុងសម្លៀកបំពាក់ជាជនស៊ីវិល ដោយបានចេញមុខមករារាំងសមត្ថកិច្ច ប្រមាថ សម្លុត តាមរយៈបញ្ជាពីលោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ដែលមានវត្តមាននៅទីនោះ ខណៈរថយន្តដឹកឈើទាំង២គ្រឿង ត្រូវបានគេទម្លាយថា ជារថយន្តដឹកឈើរបស់លោកស្នងការរងរូបនេះ (ហ្ស៊ីន ស្រ៊ីលាភ) ទើបកូនចៅរបស់ខ្លួននាយរងប៉ុស្តិ៍ស្អំឈ្មោះ យ៉ា សុផល មិនអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះបង្ក្រាប ថែមទាំងគំរាម បើអ្នកណាហ៊ានចាប់រថយន្តនេះ ពួកអ្នកឯងមិនអាចរកស៊ីបទល្មើសក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះបានឡើយ ចាំតែមើលទៅ…។

ក្នុងសកម្មភាពនោះ លោក យ៉ា សុផល មករារាំងមន្ត្រីរាជការសាធារណៈបង្ក្រាបបទល្មើសជាក់ស្តែង ក៏ឈានដល់ប្រើហិង្សាដោយវាយទៅលើសមត្ថកិច្ច ។ ជំហ៊ានដំបូង ត្រូវបានគេបង្ហើបថា លោក យ៉ា សុផល បានវាយមួយដៃចំកញ្ចប់មាត់មន្ត្រីរដ្ឋបាលព្រៃឈើ ទើបនៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបកស្រាយថា នាយរងប៉ុស្តិ៍ស្អំឈ្មោះ យ៉ា សុផល មិនបានវាយទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ គឺស្ថិតក្នុងស្ថានភាពអាការៈស្រវឹង ប្រកែកគ្នា ហើយយកដៃទៅរារាំងកុំឲ្យគេថតរូបក៏ប៉ះចំលើមន្ត្រីសមត្ថកិច្ច ដែលលោកប្រើឲ្យទៅធ្វើកិច្ចការនៅទីនោះ ។ ប៉ុន្តែបើយើង ស្តាប់ និងក្រឡេកមើលវីដេអូវិញ ហាក់ដូចជាផ្ទុយស្រឡះទៅនឹងអ្វីដែលលោក បែន រ័ត្ន បានបកស្រាយនោះ ។

ប្រភពបន្តថា នៅខណៈពេលនោះ ក៏មានវត្តមានលោកស្នងការរងមួយរូប ឈ្មោះ ជួប ភារុណ ហៅលាភ (លោក ហ្ស៊ីន ស្រ៊ីលាភ ទិញឈ្មោះប៉ូលិសពីឈ្មោះ ជួប ភារុណ ចូលក្របខ័ណ្ឌ) នៅលើរថយន្ត (កន្លែងកើតហេតុ) ។ ប៉ុន្តែគាត់មិនបានមកចូលរួមរារាំងសមត្ថកិច្ចនោះទេ ។

លោក ហ្ស៊ីន ស្រ៊ីលាភ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ជាមួយប្រភពព័ត៌មានថា ចំពោះករណីកើតហេតុនោះ លោកមិនដឹងទេ ដោយសារជាប់មានភារកិច្ចនៅឯខេត្តកោះកុង ។ លុះព្រឹកឡើង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោកក៏បន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង ជាមួយនឹងការហត់នឿយសឹងតែរកពេលសម្រាកទទួលទានអាហារមិនបានផង ។ ដូច្នេះរឿងអីដែលគេថា លោកមានវត្តមាននៅកន្លែងកើតហេតុ និងបញ្ជាឲ្យ នគរបាលវាយមេព្រៃនោះគ្មានទេ ។ “ខ្ញុំនិយាយការពិត មិនភូតភរ គឺរាល់ថ្ងៃនេះ ខ្ញុំរវល់ខ្លាំងណាស់ រឿងដើរសាងសង់សាលាជូនថ្នាក់លើ ដូច្នេះខ្ញុំមានពេលឯណាមករកស៊ីបទល្មើសឈើ(Sic)”។ លោកស្នងការរងបញ្ជាក់៕

Loading...