តើមេដឹកនាំជុំវិញពិភពលោក ប្រតិកម្មដូចម្តេចខ្លះចំពោះប្រធានាធិបតីដូណាល់ ត្រាំ?

គ្រាន់តែលទ្ធផលប្រកាសភ្លាមៗថា លោកដូណាល់ ត្រាំឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយលទ្ធផល២៧៩ អាសនៈ (ស្មើ៥៩.៦១១.៦៧៨ សម្លេង) លើ២២៨ អាសនៈ (ស្មើ ៥៩.៨១៤.០១៨សម្លេង) មេដឹកនាំជុំវិញពិភពលោកបានផ្ញើសារអបអរសាទរ ហើយខ្លះប្តេជ្ញាកែទម្រង់ទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ។

រុស្ស៊ី៖
ប្រភពព័ត៌មានជុំវិញពិភពលោកបានដកស្រង់ចុះផ្សាយថា លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា លោកនឹងស្តារឡើងវិញរាល់ទំនាក់ទំនងទាំងអស់ជាមួយអាមេរិក ក្រោយពេលដែលលោកដូណាល់ ត្រាំ បានជ័យជំនះការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធ លោក ពូទីន បញ្ជាក់ថា «យើងបានដឹងឮហើយសេចក្តីថ្លែងក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់អនាគតប្រធានាធិបតីអាមេរិកអំពីការស្តារឡើងវិញទំនាក់ទំនងរវាងរុស្ស៊ី នឹងអាមេរិក ។ វាមិនមែនជាផ្លូវដ៏ងាយស្រួលនោះឡើយ ប៉ុន្តែយើងត្រៀមលក្ខណៈជាស្រេច និងធ្វើគ្រប់យ៉ាងដើម្បីប្រែត្រឡប់ទំនាក់ទំនងរុស្ស៊ី អាមេរិកមករកផ្លូវស្ថិរភាពណិងការអភិវឌ្ឍ ។ នេះអាចជាការល្អប្រសើរសម្រាប់ទាំងពលរដ្ឋរុស្ស៊ី និងពលរដ្ឋអាមេរិក ដែលមានផលប៉ះពាល់ជាវិជ្ជមានទៅលើបញ្ហាអាកាសធាតុ និងកិច្ចការពិភពលោក» ។

ចិន
តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម តេឡេក្រាម និងតាមកញ្ចក់ទូរទស្សន៍ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងអបអរសាទរ ចំពោះជ័យជម្នះរបស់លោកដូណាល់ ត្រាំ ។

ភ្លាមៗនោះផងដែរ ក្រសួងការបរទេសចិនបានអះអាងថា ចិនបាននិងកំពុងមានការសង្ឃឹមទុកថា នឹងធ្វើការជាមួយរដ្ឋាភិបាលអាមេរិកថ្មីនេះដើម្បីទ្រទ្រង់ លើកស្ទួយដល់ទំនាក់ទំនងជាឧបតោភាគី ។ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មចិន អាមេរិកកំពុងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ។ មហាអំណាចទាំងពីរ អាមេរិក និងចិន នឹងដោះស្រាយបញ្ហាគ្រប់យ៉ាងបានល្អប្រសើរឡើងជាងមុន ។ យើងកំពុងទន្ទឹងរង់ចាំរួមគ្នាធ្វើការជាមួយរដ្ឋបាលថ្មីអាមេរិក ឆ្ពោះទៅរកភាពរឹងមាំ ភាពមានបាន និងស្ថិរភាពទំនាក់ទំនងអាមេរិក ចិន ដែលធ្វើឲ្យពលរដ្ឋប្រទេសទាំងពីរទទួលបានផលប្រយោជន៍ និងនៅពិភពលោកទាំងមូល ។

អ៊ីរ៉ង់៖
ចំពោះប្រទេសអ៊ីរ៉ង់វិញ លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ត្រូវបណ្តាញសង្គមដកស្រង់ប្រសាសន៍ចុះផ្សាយថា លទ្ធផលបោះឆ្នោតនៅអាមេរិក ដែលលោកដូណាល់ ត្រាំ ត្រូវក្លាយជាប្រធានាធិបតីទី៤៥នោះ គឺមិនមានផលប៉ះពាល់អ្វីឡើយចំពោះនយោបាយរបស់អ៊ីរ៉ង់ ។ លោកថា លទ្ធផលបោះឆ្នោតនោះ ឆ្លុះបញ្ចាំងពីការមិនសប្បាយចិត្តចំពោះបញ្ហាផ្ទៃក្នុង និងអស្ថិរភាពនៅក្នុងអាមេរិក ដែលអាចចំណាយពេលយូរអង្វែងក្នុងការដោះស្រាយប៉ុណ្ណោះ ។

អ៊ីរ៉ាក់៖
ប្រធានាធិបតីអ៊ីរ៉ាក់ លោក Haider al-Abadi បានអបអរសាទរចំពោះលោកដូណាល់ ត្រាំ ដែលឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ។ លោក al-Abadi ថ្លែងថា លោកសង្ឃឹមមុតមាំថា រដ្ឋាភិបាលអាមេរិកថ្មី បន្តគាំទ្រឧបត្ថម្ភចំពោះប្រទេសរបស់លោកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងក្រុមរដ្ឋអិស្លាម (IS)ថែមទៀត ។ លោក al-Abadi ថ្លែងថា លោកសង្ឃឹមថា ពិភពលោក និងសហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ីរ៉ាក់ ក្នុងសកម្មភាពប្រឆាំងភេរវកម្ម ។

គោលនយោបាយអនាគតរបស់លោកដូណាល់ ត្រាំ ចំពោះតំបន់មជ្ឈិមបូព៌ានៅមិនទាន់ប្រាកដប្រជានៅឡើយទេ ។

ប្រទេសអាហ្វហ្គានីស្ថាន៖
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្លែងថា ប្រទេសរបស់លោក និងអាមេរិក ជាប្រទេសដៃគូយុទ្ធសាស្ត្រក្នុងការប្រឆាំងក្រុមភេរវកម្ម និងជាដៃគូអភិវឌ្ឍន៍ ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានមានការសង្ឃឹមទុកថា កិច្ចសហប្រតិបត្តិការកាន់តែល្អិតល្មួតបន្ថែមទៀតនឹងកើតឡើងជាមួយប្រធានាធិបតីអាមេរិកថ្មី ក៏ដូចទំនាក់ទំនងកាន់តែជ្រាលជ្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងនោះ ការប្រយុទ្ធជាមួយក្រុមជ្រុលនិយម នាំមកនូវសន្តិភាព និងស្ថិរភាព គឺជាអាទិតភាពបំផុតរបស់ប្រទេសទាំងពីរ ។

កាណាដា, ម៉ិចស៊ីកូ, វេណេហ្សុយអេឡា, ចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, សាធារណរដ្ឋឆែក, ឥណ្ឌា, ជប៉ុន, ទួរគី, ប៉ាឡេស្ទីន, អ៊ីស្រាអែល, លីប៊ី, Scandinavia, ប៉ូឡូញ, Nicaragua, អង្គការសហប្រជាជាតិ, វិមានវ៉ាទីកង់, សហភាពអឺរ៉ុប, ហ្វីលីពីន និងកម្ពុជាផងដែរ បានផ្ញើសារអបអរសាទរជាមួយលោកដូណាល់ ត្រាំ ដែលឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកលើកទី៤៥នេះផងដែរ ៕ សុរ្ម័ន
donald-trumppresident

Loading...