តើមេប៉េអឹមស្នាក់ការសន្តិសុខ៦០១ ចូលដៃជាមួយក្រុមព័ត៌មានមិនល្បីឈ្មោះ​​ធ្វើបាប ជំរិតទារលុយពលរដ្ឋឬ?

ខេត្តកំពង់ចាម៖ មេស្នាក់ការសន្តិសុខ​៦០១របស់កងរាជអាវុធហត្ថ ខេត្តកំពង់​ចាមកំពុងរងការចោទប្រកាន់​ថា ​ធ្វើឲ្យពលរដ្ឋមានការក្តៅក្រហាយ កើតទុក្ខមិនសុខចិត្ត ដោយសារតែទង្វើ​គាបសង្កត់ជំរិត​ទារប្រាក់ តាមរយៈដៃជើងរបស់ខ្លួនជាមួយក្រុមសារព័ត៌មាន​មិនសូវមានឈ្មោះបោះសំឡេង​បួនទៅប្រាំនាក់ ។ ពួកគេធ្វើសកម្មភាពជិះរថយន្ត​ទាំងពាក់ស្លាកលេខ ខេមរភូមិន្ទ(ខ.ម)​ផងនោះ​​​ ដើរដាក់កុងត្រូលជជុះស្រេចតែចិត្ត និងបើកដេញស្ទាក់រថយន្តដឹកឈើគ្រឿងផ្ទះរបស់ពលរដ្ឋគំរាមកំហែង​ជំរិត​ថ្នូរនឹងការបង់លុយ​ ។ ប្រភពថា ការស្ទាក់កាក់រថយន្តដឹកឈើគ្រឿងផ្ទះរបស់ពលរដ្ឋម្តងៗ គឺក្រុមនេះ បានលុយរាប់ពាន់ដុល្លារ ។ ពួកគេតែងតែធ្វើសកម្មភាពបែបនេះ​ជារឿយៗ​ច្រើនខែមកហើយ ។

ទាក់ទង​ការ​លើកឡើងនេះផងដែរ គេនៅមិនទាន់ដឹងថា​ តើលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​បានដឹង​​ពីទង្វើ​របស់មេស្នាក់ការសន្តិសុខ​៦០១ និងក្រុមចាងហ្វាងអនឡាញមានគ្នា៤ទៅ៥នាក់នោះដែរឬយ៉ាងណាឡើយ ។ ប៉ុន្តែទង្វើដ៏ខុសឆ្គងបែបនេះ បើដឹងដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គឺលោកប្រាកដជាចាត់ការ​ដោះស្រាយ​មិនឲ្យពលរដ្ឋអាក់អន់ស្រពន់ចិត្ត​នោះទេ ។ ពីព្រោះថា ទង្វើអសកម្មតូចមួយរបស់​ថ្នាក់ក្រោមនេះ​អាចជះឥទ្ធិពល​​ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថខេត្ត​ទាំងមូល​​ក៏អាចថាបាន ។

គួររំលឹកថា ក្រុមអ្នកព័ត៌មានមួយក្រុមមានគ្នាបួនទៅប្រាំនាក់ ហើយភាគច្រើនជាចាងហ្វាងការផ្សាយផងនោះ កំពុងតែល្បីល្បាញ និងរងការរិះគន់ និងចោទប្រកាន់រឿងបើករថយន្តដើរដាក់កុងត្រូល និងដេញស្ទាក់រថយន្តដឹកឈើគាបស៊ីលុយរាប់ពាន់ដុល្លារពីម្ចាស់ឈើ នៅពេលស្ទាក់កាក់ម្តងៗ ។

តាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានរថយន្តដឹកឈើគ្រឿងធ្វើផ្ទះមួយគ្រឿង ចេញដំណើរពីខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ។ លុះពេលទៅដល់ស្នាក់ការសន្តិសុខ ៦០១(របស់កងរាជអាវុធហត្ថ) ក៏ត្រូវក្រុមអស់លោកចាងហ្វាងដ៏មានអំណាចមួយក្រុមនោះ បើករថយន្ត៤គ្រឿងប្រដេញពីក្រោយ ហើយក្នុងនោះរថយន្តមួយគ្រឿង ជារថយន្តម៉ាកហ្វតពាក់ស្លាកលេខ ខ.ម ថែមទៀតផង ។

ប្រភពបន្តថា លុះរថយន្តទាំងនោះប្រដេញតាមទាន់ និងស្ទាក់ឃាត់រថយន្តដឹកឈើគ្រឿងធ្វើផ្ទះមួយគ្រឿងនោះបានសម្រេច រួចបញ្ជាឲ្យឈប់តាំងពីម៉ោង១១ព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃ ខែឆ្នាំដដែល ទើបពួកអស់លោកទាំងនោះដោះលែងរថយន្តដឹកឈើគ្រឿងធ្វើផ្ទះមួយគ្រឿងនោះឲ្យបន្តដំណើរទៅមុខទៀត ជាថ្នូរនឹងលុយជាងដប់លានរៀល ។ ទង្វើរបស់ក្រុមនេះ ត្រូវបានតៃកុងរថយន្តដឹកឈើគ្រឿងធ្វើផ្ទះនិយាយថាមិនខុសពីការចាប់ជំរឹតឡើយ ។

ប្រភពបានបង្ហើបថាលុយដែលពួកគេ(ក្រុមចាងហ្វាង)គាបយកបានពីម្ចាស់រថយន្តដឹកឈើគ្រឿងធ្វើផ្ទះនោះ ត្រូវបានយកទៅចែកគ្នាជាមួយប៉េអឹមស្នាក់ការ៦០១ដែលជិះរថយន្តម៉ាក ហ្វតពាក់ស្លាកលេខ ខេមរភូមិន្ទ ឬ ខ.ម នោះដែរ ។

ប្រភពបានបង្ហើបថា អស់លោកចាងហ្វាងទាំងនោះ មានដូចជាជិះរថយន្តម៉ាកឡិចស៊ីស ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF.1895 ដែលម្ចាស់មានឈ្មោះ អឿ អុីន ហៅ ហ្វាស៊ី អាយុ៤៣ឆ្នាំ ជាចាងហ្វាងគេហទំព័រ ខ្មែរថ្ងៃនេះ និងរថយន្តម៉ាក ឡិចស៊ីស ៣០០ ពណ៌ ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2E.9820 ជារបស់ឈ្មោះ ផល ផាន់នី ហៅផល ផាន់ណា អាយុ៣៧ឆ្នាំ ជាចាងហ្វាងកាសែត ទស្សនៈសង្គម ។ នៅមានឈ្មោះ យ៉ុន យ៉ត អាយុ ៣៩ឆ្នាំ បុគ្គលិក MSJ អនឡាញ និងរថយន្តម៉ាកឡិចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM 6578 ថែមទៀតដែលគេកំពុងតាមស៊ើបអង្កេតរកម្ចាស់របស់វា ។

តាមប្រភពបង្ហើបថា ក្រុមទាំងនេះ តែងតែធ្វើសកម្មភាពដើរដាក់កុងត្រូល និងបើករថយន្តខាងលើប្រដេញ តាមស្ទាក់ ហើយឃាត់រថយន្តដឹកឈើដើម្បីគាបជំរិតលុយរបៀបនេះជារឿយៗ ។ មិនត្រឹមតែនៅខេត្តខេត្តកំពង់ចាមទេ, ពោធិ៍សាត់, កំពង់ឆ្នាំង និងកំពង់ស្ពឺជាដើម ក្រុមនេះក៏មិនមានការលើកលែង ។

ប្រភពបន្តថា ដោយសារមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយមេស្នាក់ការ៦០១ ទើបក្រុមអស់លោកទាំងនេះ អាចធ្វើសកម្មភាពបើករថយន្តដេញស្ទាក់ឃាត់រថយន្តដឹកបទល្មើសទាំងឡាយណា ដែលមិនបានទាក់ទងបង់លុយអោយពួកគេនោះ មិនអោយរួចខ្លួនឡើយ ។ កាលពីអំឡុងដើមខែកក្កដា កន្លងទៅនេះ ក្រុមអស់លោកទាំងនេះសហការជាមួយមេស្នាក់ការ៦០១គាបជំរឹតយកលុយពីម្ចាស់ឈើម្នាក់ បានចំនួន១៤លានរៀល យកទៅចែកគ្នា ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥១ ក្រុមអស់លោកខាងលើដដែលនេះបានធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តមួយគ្រឿង ក្នុងគោលបំណងគាបស៊ីលុយទៀត តែដោយសារបែកការដឹងរឿងដល់ថ្នាក់ដឹកនាំខេត្ត ទើបពួកគេបើករថយន្តគេចខ្លួនបាត់អស់ ។ ថ្មីៗចុងក្រោយបំផុតនេះ ក្រុមដដែលខាងលើបានធ្វើសកម្មភាពគាបជំរឹតទារប្រាក់ជាងដប់លានរៀលពីម្ចាស់ឈើម្នាក់ ហើយត្រូវបានប្រភពបង្ហើបថា មានមេស្នាក់ការសន្តិសុខ៦០១ ជាអ្នកដើរតួសម្របសម្រួល ខណៈដែលអស់លោកចាងហ្វាងបួងទៅប្រាំនាក់នេះជាអ្នកដើរតួកាច។

ទាក់ទងព័ត៌មានចោទប្រកាន់ រិះគន់​មេស្នាក់ការសន្តិសុខ៦០១ និងចាងហ្វាងការផ្សាយព័ត៌មានអនឡាញ​បួនប្រាំនាក់​​ឃុបឃិតគ្នា​ធ្វើសកម្មភាព​នាំឲ្យពលរដ្ឋក្តៅក្រហាយនេះ, គេហទំព័រ​ ukk-news.com នៅមិនទាន់អាចរកការបំភ្លឺបានទេ ពីព្រោះមិនមានលេខទូរស័ព្ទ ៕ សុរ្ម័ន

Loading...