A NHS pharmacy technician at the Royal Free Hospital, simulates the preparation of the Pfizer vaccine to support staff training ahead of the rollout, in London, Friday Dec. 4, 2020. (Yui Mok/Pool Photo via AP)

តើយើងដឹងអ្វីខ្លះពីវ៉ាក់សាំង Covid-19 របស់ចិន (Sinovac)? កម្ពុជាគួរទិញ Sinovac ឬទិញពីប្រទេសផ្សេង?

នៅពេលដែលការប្រណាំងជាសកលដើម្បីផលិតវ៉ាក់សាំង Covid-19 នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងលឿនដោយមានក្រុមអ្នកផលិតវ៉ាក់សាំង “ស៊ីណូវ៉ាក” មួយដែលកំពុងនាំមុខគេនៅបរទេស ។ ការដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូវ៉ាក ចំនួន១.២ លានដូស ចេញពីទីក្រុងប៉េកាំងបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ ហើយចំនួន ១.៨ លានដូសទៀតនឹងទៅដល់នៅដើមខែមករាខាងមុខ ។ ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់បានបញ្ចប់ការសាកល្បងដំណាក់កាលចុងក្រោយរបស់ខ្លួននៅឡើយ ដែលបង្កើតជាចំងល់ថាតើយើងដឹងច្បាស់អំពីវ៉ាក់សាំងចិននេះយ៉ាងដូចម្តេច?

តើវាមានភាពខុសគ្នាយ៉ាងដូចម្តេចរវាងស៊ីណូវ៉ាក និងវ៉ាក់សាំងផ្សេងៗទៀត?
CoronaVac គឺជាវ៉ាក់សាំងមួយដែលធ្វើអំពីមេរោគលែងមានសកម្មភាពដែលដំណើរការដោយប្រើបំណែកនៃវីរុសត្រូវគេសម្លាប់ហើយដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃសរពាង្គកាយតតាំងហ្នឹងវីរុសដោយមិនប្រឈមនឹងជំងឺណាមួយធ្ងន់ធ្ងរកើតឡើងឡើយ។ វ៉ាក់សាំងពីក្រុមហ៊ុន Moderna និង Pfizer គឺជាប្រភេទវ៉ាក់សាំង mRNA ដែលមានន័យថា ជាផ្នែកនៃពូជកូរ៉ូណាវីរុស ដែលត្រូវបានគេចាក់ចូលទៅក្នុងសារពាង្គកាយ ដោយធ្វើឲ្យសរពាង្គកាយចាប់ផ្ដើមផលិតប្រូតេអ៊ីននៃវីរុស ដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធនឹងវីរុសខាងក្រៅ ។ សាស្ត្រាចារ្យ Luo Dahai មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងបានប្រាប់ BBC ថា “CoronaVac គឺជាវិធីសាស្ត្រប្រពៃណីមួយបន្ថែមទៀតដែលត្រូវបានប្រើដោយជោគជ័យក្នុងការចាក់វ៉ាក់សាំងល្បីៗជាច្រើនដូចជាជំងឺឆ្កែឆ្កួត” ។ លោក Luo បន្ថែមថា “វ៉ាក់សាំង mRNA គឺជាវ៉ាក់សាំងប្រភេទថ្មីហើយបច្ចុប្បន្ននេះមិនមានឧទាហរណ៍ជោគជ័យណាមួយដែលត្រូវបានប្រើប្រាស់ក្នុងចំណោមប្រជាពលរដ្ឋឡើយ” ។ គុណសម្បត្តិមួយរបស់ ស៊ីណូវ៉ាក គឺវាអាចរក្សាទុកនៅក្នុងទូទឹកកកស្តង់ដារនៅចន្លោះពី ២-៨ អង្សាសេ ដូចគ្នាទៅនឹងវ៉ាក់សាំង Oxford ដែរ ។ ដោយឡែក វ៉ាក់សាំង Moderna ត្រូវរក្សាទុកនៅ -២០ អង្សាសេ និងវ៉ាក់សាំង Pfizer នៅ -៧០ អង្សាសេ ។ មានន័យថាទាំងវ៉ាក់សាំង Sinovac និងវ៉ាក់សាំង Oxford-AstraZeneca មានប្រយោជន៍ច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនអាចផ្ទុកវ៉ាក់សាំងបានច្រើននៅសីតុណ្ហភាពទាបបែបនេះ ។

តើ ស៊ីណូវ៉ាក មានប្រសិទ្ធភាពប៉ុណ្ណា?
វាពិបាកនិយាយនៅពេលនេះ ប៉ុន្តែយោងតាមទិនានុប្បវត្តិវិទ្យាសាស្ត្រ The Lancet បច្ចុប្បន្នយើងមានតែព័ត៌មានពីការសាកល្បងដំណាក់កាលទី១ និងទី២ នៃកូរ៉ូណាវ៉ាក់ តែប៉ុណ្ណោះ ។ លោក Zhu Fengcai ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធចងក្រងឯកសារពេទ្យ បាននិយាយថា លទ្ធផលដែលផ្អែកលើអ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី ១ និង ៦០០ នាក់នៅក្នុងដំណាក់កាលទី ២ បង្ហាញថា វ៉ាក់សាំងនេះ “សមស្របសម្រាប់ការប្រើប្រាស់នៅពេលបន្ទាន់” ។ កាលពីខែកញ្ញា ការធ្វើតេស្តទៅលើអ្នកស្ម័គ្រចិត្តជាង ១.០០០ នាក់ ក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួចឬមិនស្រួលខ្លួន… តែមិនលើសពី ៥% ទេ ។ វ៉ាក់សាំងនេះក៏បានចាប់ផ្តើមសាកល្បងទ្រង់ទ្រាយធំដំណាក់កាលចុងក្រោយនៅក្នុងប្រទេសប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ នៅលើពិភពលោកកាលពីដើមខែតុលា។ ការសាកល្បងទាំងនេះត្រូវបានបញ្ឈប់មួយរយៈខ្លីនៅក្នុងខែវិច្ឆិកាបន្ទាប់ពីមានរបាយការណ៍ថាមានអ្នកស្ម័គ្រចិត្តម្នាក់បានស្លាប់ ប៉ុន្តែក៏បានបន្តសាកល្បងទៀតបន្ទាប់ពីការស្លាប់ត្រូវបានគេរកឃើញថាមិនមានជាប់ទាក់ទងជាមួយវ៉ាក់សាំងនេះឡើយ ។ ដៃគូរបស់ Sinovac នៅប្រេស៊ីល វិទ្យាស្ថាន Butantan បាននិយាយថា ខ្លួនរំពឹងថា Sinovac នឹងផ្សព្វផ្សាយលទ្ធផលពីការសាកល្បងរបស់ខ្លួនមុនថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ។

តើគេអាចផលិត ស៊ីណូវ៉ាក បានប៉ុន្មានដូសក្នុងមួយឆ្នាំ?
ប្រធានក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CGTN ថាក្រុមហ៊ុន Sinovac អាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ហើយការចាក់វ៉ាក់សាំងនេះត្រូវការចំនួនពីរដូស ។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី ប្រទេសចិនក៏បានធានានូវកិច្ចព្រមព្រៀងលក់ទៅប្រទេសផ្សេងទៀតដូចជាប្រទេសទួរគី ប្រេស៊ីល និងឈីលី ។ ក្រុមអ្នកវិភាគបាននិយាយពីការដេញថ្លៃរបស់ប្រទេសចិនដើម្បីឈ្នះការប្រកួតប្រជែងផ្នែក “ការទូតវ៉ាក់សាំង” ដែលត្រូវបានគេរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យាផ្តល់ប្រាក់ចំនួន ២ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិក និង១លានដុល្លារទៀតទៅឲ្យអាមេរិកឡាទីនដើម្បីទិញវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែគេមិនដឹងច្បាស់អំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះឡើយ ។ លោក Jacob Mardell អ្នកវិភាគមកពី MERICS បានប្រាប់សារព័ត៌មាន ABC ថា “ទីក្រុងប៉េកាំង … ប្រាកដជានឹងផ្តល់បច្ចេកវិទ្យាជួយសង្រ្គោះជីវិតមនុស្សដើម្បីផលចំណេញផ្នែកពាណិជ្ជកម្មនិងការទូត” ។ កាលពីដើមឆ្នាំនេះទីក្រុងជីស៊ីង ប្រទេសចិនបានផ្តល់តម្លៃបឋមចំនួន ២០០ យ័ន (២៩,៧៥ ដុល្លារអាមេរិក)ក្នុង១ដូស ។ ដោយឡែក Bio Farma ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានប៉ាន់តម្លៃប្រហែល ២០០,០០០ រូពី (១៣,៦០ ដុល្លារអាមេរិក) ក្នុង១ដូស ។ យ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាងវ៉ាក់សាំង Oxford ដែលមានតម្លៃ ៤ ដុល្លារក្នុង១ដូស ប៉ុន្តែនៅតែទាបជាង Moderna ដែលមានតម្លៃ ៣៣ ដុល្លារក្នុង១ដូស។ ក្រុមហ៊ុន Moderna បាននិយាយថាខ្លួនមានគោលដៅនាំចេញចំនួន ៥០០ លានដូសក្នុងឆ្នាំ ២០២១ រីឯក្រុមហ៊ុន AstraZeneca និយាយថាខ្លួននឹងផលិតបាន ៧០០ លានដូសនៅចុងត្រីមាសទី ១ ឆ្នាំ ២០២១ ៕
(ប្រភព៖ BBC News)
By Mr pu Kea .

Loading...