នគរបាលសេដ្ឋកិច្ចក្រុងភ្នំពេញ ចែកបក្ខចែកពួក ដើរប្រព្រឹត្តបទល្មើស

បើទោះបីជាអង្គភាព ប្រឆាំងអំពើពុករលួយ ចាប់មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចរាជធានីភ្នំពេញ ២នាក់ដាក់គុក ជាការព្រមានរួចហើយក៏ដោយ ក៏ពួកមន្ត្រីនគរបាលនៅក្នុងអង្គភាពមួយនេះ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះដែរ ។ ជំនាន់លោកស្នងការ, ប្រធានការិយាល័យគ្រប់ជំនាន់ មិនមានភាពអនាធិបតេយ្យខ្លាំងដូចបច្ចុប្បន្ននេះទេ ។

សព្វថ្ងៃនេះ ពួកមន្ត្រីនគរបាលសេដ្ឋកិច្ចក្រុង បាននិងកំពុងប្រជែងគ្នាតាមខ្សែ តាមបក្ខពួកគាបសង្កត់លើ អ្នករកស៊ីគ្រប់ប្រភេទ ។ ថ្មីៗនេះ លោកជួន សុវណ្ណ ហាក់ដូចជាមិនបានដឹងទេថា មន្ត្រីរបស់លោកយឹម សុជាតិ បាននិងកំពុងធ្វើអ្វីខ្លះនោះ? បើទោះជាយ៉ាងនេះក្តី លោកជួន សុវណ្ណមានមន្ត្រីរបស់ខ្លួនដើរធ្វើ«សេដ្ឋកិច្ច» ដែលមានលោក សុវណ្ណ ចន្ថា និងលោក មីង ចន្ថា រួមនឹងលោក អូត ស៊ីវុត្ថា ។

ក្រុមទី១ ដឹកនាំដោយលោក មីង ចន្ថា ធ្វើការជាន់ជាមួយក្រុមលោក សៅ រ៉ា និងអ៊ុក សោភា នៃការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច ។ ក្រុមទី២ លោកសុវណ្ណ ចាន់ផានិត ធ្វើការជាន់ជាមួយក្រុមលោក មាស វុទ្ធី និងសោម មុនី ។ ក្រុមទី៣ លោក អូត ស៊ីវុត្ថា ដែលជាដៃស្តាំរបស់លោកយឹម សុជាតិ ដែលបានបំបែកចេញពីលោក អៀរ សំអិត ក្រុមនេះកំពុងធ្វើសកម្មភាពពេញទីក្រុង ។ លោក អូត ស៊ីវុត្ថា និយាយថា ខ្លួនជាជំនិតរបស់មេ ជុំ ណារ័ត្ន និងយឹម សុជាតិ ដូច្នេះគ្មាននរណា ហ៊ានធ្វើអ្វីឡើយ ។ លោកអូត ស៊ីវុត្ថា និយាយថា លោកជុំ ណារ័ត្ន ជាជំនិតរបស់ជួន សុវណ្ណ ឬជាអ្នកកាន់សេដ្ឋកិច្ច ។ លោកជុំ ណារ័ត្ន ជាអ្នកដែលមានជំនាញខាងសេដ្ឋកិច្ច ដែលពួកឈ្មួញធំៗ សុទ្ធតែញាក់សាច់ ។

បើនិយាយពីនៅក្នុងការិយាល័យឯណោះវិញ គឺមានច្រើនបក្ខច្រើនពួក ដើរជំរិតទារប្រាក់ពីអ្នករកស៊ីគ្រប់ប្រភេទ ។ គេធ្វើសកម្មភាពតាមផ្សារ ក៏ដូចជាតាមរោងចក្រនានា ។

មានក្រុមដែលធ្វើសកម្មភាពទៅលើសិប្បកម្មកែច្នៃគ្រឿងសិង្ហារឹម ដែលដឹកនាំដោយលោក ម៉ៅ សុទ្ធិគុណ, ក្រុមលោកមាស វុទ្ធី ខាងរោងចក្រ, ក្រុមលោកជុំ ណារ័ត្ន, ក្រុមលោក សម មុនី… ពួកឈ្មួញរកស៊ីនិយាយថា ម្ចាស់សិប្បកម្មឃ្លាំងស្តុកគ្រឿងអេឡិចត្រូនិក សុទ្ធតែត្រូវបង់ប្រាក់ខ្ទង់ពាន់ដុល្លារ ឲ្យអស់លោកមន្ត្រីសេដ្ឋកិច្ចទាំងនេះ ។ ពួកគេព្រមានថា ថ្ងៃណាមួយ អាចនឹងមានរបាយការណ៍ជូនអង្គភាពប្រឆាំងអំពើពុករលួយ ៕

ជួន សុវណ្ណ យឹម សុជាតិ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *