ជំនឿត្រូវបានគេចាត់ទុកថាជា «ព្រលឹង» រឺការផ្តល់នូវទំនុកចិត្ត ដូច្នេះសិនជាយើងមានជំនឿលើវត្ថុអ្វីមួយ រឺអ្នកណាម្នាក់ គឺស្មើនឹងបានផ្តល់នូវទំនុកចិត្តលើវត្ថុ រឺអ្នកនោះ ដោយហេតុផលថា វត្ថុនោះ រឺអ្នកនោះ អាចជួយខ្លួនយើងបាន។ ជំនឿកើតឡើងតាមរយៈនិន្នាការ ទស្សនៈ ប្រពៃណី និងសាសនា ហើយវាកើតឡើងលើគ្រប់មនុស្សទាំងអស់នៅលើផែនដីនេះ។
ជាការពិតណាស់ នៅពេលដែលមនុស្សជួបទុក្ខលំបាក មានឧបកសគ្គក្នុងការដំណើរការជីវិតរស់នៅរបស់គេ ហើយគ្មានអ្នកណាអាចជួយបាន នៅពេលនោះមនុស្សត្រូវការស្វែងរកការពឹងពុំនាក់ដែលទុកចិត្តមួយ រឺនិយាយអោយចំត្រូវការជំនួយ។ នៅពេលនោះ «ជំនឿ» បានដឹកនាំគេទៅរកផ្លូវរូបិយខ្លះ ផ្លូវអរូបិយខ្លះ ដោយមានទំនុកចិត្តថារឿងរ៉ាវ រឺវត្ថុ រឺមនុស្សទាំងនោះអាចជួយខ្លួនបាន តួរយ៉ាងអ្នកកាន់ព្រះពុទ្ធសាសនា (អ្នកមានជំនឿលើព្រះពុទ្ធសាសនា) នៅពេលដែលគេជឿថាខ្លួនគេមានគ្រោះកាចចង្រៃមកយាយី គេតែងរត់ទៅរកអាចារ្យ រឺព្រះសង្ឃដើម្បីជួយដោះស្រាយ។ ជួនកាលការជួយដោះស្រាយនោះ បានមកពីការពន្យល់នែនាំ និងជួនកាលបានមកពីការប្រើប្រាស់មន្តអាគមន៌ មានការទស្សន៌ទាយ សូត្រវេទមន្តជាដើមដើម្បីដោះស្រាយបញ្ហា។ ជាលទ្ធផល បានខ្លះមិនបានខ្លះ តែចាត់ទុកជាការពឹងពាក់ដ៏ល្អមួយ។
និយាយពីរឿងព្រះសង្ឍក្នុងព្រះពុទ្ធសាសនា សូត្រមន្តស្រោចទឹករំដោះគ្រោះ រំលោះកម្ម រឺដេញខ្មោចព្រាយបិសាចវិញ ក៏ចាត់ទុកជាជំនឿមួយ ដែលបានអនុវត្តន៌អស់រាប់ពាន់ឆ្នាំមកហើយ។ បើទោះជាការប្រើប្រាស់សកម្មភាពគ្មានហេតុផលមួយចំនួនដែលព្រះពុទ្ធសំដែងថា «មិនគួរ» ក៏ដោយ ក៏ការធ្វើនេះបាននាំមកនូវសេចក្តីសុខផ្លូវចិត្តមួយសម្រាប់មនុស្សដែរ។ ព្រះពុទ្ធបានសំដែងថា «កម្មជារបស់ខ្លួន កម្មបានបែងចែកមនុស្សទៅតាមកម្ម» ដូច្នេះ រឿងល្អក្តី អាក្រក់ក្តីមិនចូលគ្នាទេ ហើយក៏គ្មានអ្វីអាចជួយរំលោះគ្នាដែរ ប៉ុន្តែការធ្វើអោយមានសេចក្តីទុក្ខចិត្តក្នុងផ្លូវចិត្ត គឹជាធម្យោយបាយក្នុងការស្វែងរកផ្លូវត្រូវរបស់មនុស្ស។ នៅពេលដែលយើងមានជំនឿថា ការសូត្រមន្តស្រោចទឹក រំដោះគ្រោះ អាចជួយសម្រាលកង្វល់យើងបាន ពេលនោះក្នុងចិត្តរបស់យើងក៏បានធូស្រាល ព្រោះនេះជាផលល្អមួយដែលបានមកពីជំនឿលើការស្រោចទឹក។
សរុបមកជំនឿលើការស្រោចទឹកត្រូវចាត់ទុកជាទម្លាប់ខ្លះ ជាព្រលឹងខ្លះ ហើយលទ្ធផលមានខ្លះ មិនមានខ្លះ តែក៏ធ្វើអោយមានរឿងអវិជ្ជមានមួយចំនួនកើតឡើងផងដែរ នៅពេលដែលមនុស្សប្រើប្រាស់ជំនឿខុស រឺជ្រុលហួសហេតុពេក។ ព្រះពុទ្ធសំដែងថា «ជំនឿត្រូវប្រកបដោយបញ្ញា» ធ្វើអ្វីៗត្រូវគិតពិចារណាអោយបានល្អិតល្អន់ដើម្បីជៀសផុតពីផលប៉ះពាល់ផ្សេងៗ។