តើ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ថ្នាក់លើគួរដកតំណែងដែរឬទេ?

ភ្នំពេញ៖ លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវគេសង្ស័យថា បានបញ្ជាឲ្យកូនចៅក្រោមឱវាទចុះបង្ក្រាបល្បែងជល់មាន់ ហើយក្នុងសកម្មភាពនេះ កូនចៅបានបាញ់កាំភ្លើងផ្តេសផ្តាស់ច្រើនគ្រាប់បណ្តាលឲ្យគ្រាប់កាំភ្លើងផ្លាតត្រូវពលរដ្ឋមិនដឹងអីស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធ ចោលកូនតួចៗ គួរឲ្យសង្វេគជាទីបំផុត។ ករណីនេះ គេមិនទាន់ឃើញថ្នាក់លើ បង្ហាញមុខប៉ូលិសណាម្នាក់នៅឡើយដែលបាញ់បណ្តាលឲ្យជនរងគ្រោះស្លាប់ ឬមួយក៏ថ្នាក់លើរកមិនឃើញ តើលោកយឹម សារ៉ាន់ គួរទទួលខុសត្រូវបែបណាចំពោះករណីនេះដែរឬទេ?

កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបល្បែងជល់មាន់មួយទីតាំង ស្ថិតនៅដីឡូតិ៍ខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីមួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ប៉ូលិសដែលទៅបង្ក្រាបសង្វៀនជល់មាន់នោះ​បានបាញ់កាំភ្លើង៥ទៅ៦គ្រាប់បញ្ឆិតឡើងទៅលើមេឃ ហើយគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវបុរសម្នាក់បណ្តាលឲ្យរងរបួសជាទម្ងន់បង្កឲ្យស្ថានការណ៍នៅពេលនោះកាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្នកស្រី ណុប ផានី អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា ប្តីរបស់អ្នកស្រីឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្បែរផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតខេត្តកំពង់ស្ពឺ ។ អ្នកស្រីបន្តថា នៅមុនកើតហេតុ​ ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ ប្តីមិនទៅធ្វើការនោះទេ គឺទៅផឹកកាហ្វេ ។ ពេលត្រឡប់ពីផឹកកាហ្វេងួតទឹក លុះងួតទឹករួច មានឮសំឡេងទ្រហឹងអឺកកងនៅចំណុចដីឡូត៍ខាងក្រោមជាប់បន្ទប់ជួល ព្រមទាំងមានឮស្នូរគ្រាប់កាំភ្លើងផង ។ ប្តីគាត់បានអឺតក្បាលមើលចុះមកក្រោម ស្រាប់តែត្រូវគ្រាប់កាំភ្លើងដួលខ្ជោកលើឥដ្ឋហូរឈាមក្រហមប្រឡាក់អាវតែម្តង។ ឃើញដូច្នោះគាត់ប្រញាប់ហៅឡានពេទ្យមកដឹកប្តីទៅសង្គ្រោះ ប៉ុន្តែប្តីបានផុតដង្ហើមនាពេលបន្តិចក្រោយមក។

មជ្ឈដ្ឋានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានចម្អកឡកឡឺយដល់សមត្ថកិច្ចនោះថា គ្រាន់តែបង្ក្រាបល្បែងស៊ីសង ល្បែងជល់មាន់សោះ ចាំបាច់បាញ់ដល់កាំភ្លើងដូចធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាម រហូតធ្វើឲ្យគ្រាប់ផ្លាតត្រូវប្រជាពលរដ្ឋស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ហើយប៉ូលិសដែលបាញ់កាំភ្លើងផ្លាតត្រូវពលរដ្ឋស្លាប់នោះ មិនត្រូវបានលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបង្ហាញមុខ ឬចាត់វិធានការតាមច្បាប់នោះឡើយរហូតមកដល់ពេលនេះ គឺស្ងាត់ស្ងៀមដូចចោរលួចសេះ ។ ពលរដ្ឋលើកឡើងទៀតថា បើរកមុខអ្នកបាញ់មិនឃើញ លោកយឹម សារ៉ាន់ ទំនងជាមិនអាចគង់វង្សក្នុងតំណែងបច្ចុប្បន្នរបស់ខ្លួនឡើយ តើស្នងការ ឬស្នងការរងនគរបាលរាជធានីភ្នំពេញ សុខចិត្តព្រមនៅស្ងៀម ធ្វើមិនដឹង មិនឮករណីនេះបានដោយរបៀបណា? ប្រជាពលរដ្ឋសង្ឃឹមថា នឹងមានយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ មិនមែនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃហើយ យកលុយទៅឲ្យគ្រួសាររងគ្រោះ គឺជាការចប់រឿងនោះទេ។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ជាមួយមន្ត្រីក្រោមឱវាទបានទៅចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពរងគ្រោះដល់ស្រុកកំណើត នៅភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះបានប្រគល់ជូនទឹកប្រាក់ជិត១ម៉ឺនដុល្លារ ។ ប៉ុន្តែទោះបីយ៉ាងណា ករណីនេះ សុំឲ្យមានការបង្ហាញមុខជនដៃដល់ឲ្យសាធារណជនបានឃើញ និងស្គាល់ផង ។ បើពុំដូច្នោះទេ អ្នកដែលត្រូវដកហូតតំណែងតួនាទី គឺមេកើយនោះឯង ពីព្រោះសមត្ថភាពដឹកនាំកូនចៅនៅមានកម្រិត ៕

Loading...