តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»?

ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ គឺជាខួប២២ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយក៏ជាថ្ងៃដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំដែរ។ តំណក់ប្រេងលើកដំបូងនេះ ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុក A នៃឈូងសមុទ្រខ្មែរ។

មាន​សំណួរមួយប្រកបដោយបដិមតិដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានកើតឡើងតាំងពីមុនពេលដែលកម្ពុជាមានតំណក់ប្រេងលើកដំបូងមកម៉្លេះ នោះគឺ តើតំណក់ប្រេងលើកដំបូងនេះជា «បណ្ដាសា» ឬជា «ពរជ័យ»?

សម្រាប់ជនមួយចំនួន មានទាំងខ្មែរទាំងបរទេសផង បានសម្ដែងកង្វល់តាំងពីមុនកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងមកម៉្លេះ ខ្លាចតំណក់ប្រេងលើកដំបូងនេះ ក្លាយជាបណ្ដាសាចំពោះប្រជាជាតិកម្ពុជា បើមិនមានការគ្រប់គ្រងបានល្អ។ ពួកគេបានភ្ជាប់រឿងរ៉ាវបណ្ដាសាប្រេងដែលកើតមាននៅបណ្តាប្រទេសមួយចំនួននៅអាហ្វ្រ៊ិក មជ្ឈិមបូព៌ា រហូតដល់វេណហ្ស៊ុអេឡា ដែលសុទ្ធតែជាប្រទេសដែលសម្បូរណ៍ប្រេង តែនៅទីបំផុតទៅ ប្រទេសទាំងនោះ បានរអិលជើងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល អំពើហិង្សា ការបែកបាក់ជាតិ អំពើពុករលួយ និងការចូលជ្រៀតជ្រែកពីបរទេស ជាពិសេស ពីពួកមហាអំណាច រាប់សិបឆ្នាំរហូតដល់ឥឡូវ។

ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ពីភូមិគ្រឹះរបស់លោក នាទីក្រុងតាខ្មៅ បានមានប្រសាសន៍ថា តំណក់ប្រេងលើកដំបូងនេះជាពរជ័យសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចតេជោបានចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ននិងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ វាជាពរជ័យសម្រាប់ប្រជាជននិងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនមួយចំនួននោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍវិស័យអប់រំនិងសុខាភិបាល។

បន្ទាប់ពីទទួលបានព័ត៌មានស្តីពីតំណក់ប្រេងលើកដំបូង ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំជាតិកំពូលៗរបស់កម្ពុជា មានទាំងព្រះមហាក្សត្រផង បានចេញសារអបអរសាទរសម្តេចតេជោព្រោងព្រាងជាមួយនឹងពាក្យពេជន៍លើកតម្កើងនិងកោតសរសើរដ៏ខ្ពង់ខ្ពង់បំផុតចំពោះសម្តេចតេជោ ដែលដឹកនាំធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសនិងទទួលបានតំណក់ប្រេងលើកដំបូងនេះ និងបានលើកឡើងដូចគ្នានឹងសម្តេចតេជោថា តំណក់ប្រេងលើកដំបូងនេះ គឺជាពរជ័យ។ ប៉ុន្តែ សម្រាប់អ្នកមិនពេញចិត្តនិងអ្នកបារម្ភ ក៏បានបង្ហោះសារសម្តែងនូវកង្វល់របស់ខ្លួនពីតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេងដែរ ហើយអ្នកខ្លះមិននិយាយចំទេ តែគេបង្ហោះសារបែបឌឺដងនានា ក្នុងន័យសម្ដែងក្តីបារម្ភ ខ្លាចក្រែងតំណក់ប្រេងលើកដំបូងនេះក្លាយជាបណ្ដាសា។

សរុបមក យើងត្រូវទទួលស្គាល់ថា តំណក់ប្រេងលើកដំបូងនេះ ជាសមិទ្ធផលនៃប្រជាជាតិកម្ពុជាទាំងមូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ វាជាព័ត៌មានដ៏ល្អនិងប្រកបដោយក្តីអំណរសម្រាប់យើងទាំងអស់គ្នា មិនថាជាអ្នកគាំទ្រឬមិនគាំទ្ររាជរដ្ឋាភិបាលនោះទេ ព្រោះវាជាសមិទ្ធផលរបស់ជាតិយើងទាំងអស់គ្នា។ ជា «បណ្ដាសា» ឬជា «ពរជ័យ» វាអាស្រ័យទៅលើតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេង និងការប្រើប្រាស់ចំណូលដែលបានមកពីប្រេងឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ការបារម្ភពីបណ្ដាសាប្រេងដោយជនមួយចំនួន ក៏មិនគួរចាត់ទុកថា ជាការប្រឆាំងផ្កាប់មុខនោះដែរ ដ្បិតពិភពលោកនេះ មានឧទាហរណ៍ច្រើនមកហើយ ដែលប្រទេសមួយចំនួនជាសេដ្ឋីប្រេងទទួលបណ្ដាសាប្រេង។ ប៉ុន្តែ ទោះជាបែបនេះក្តី យើងទាំងអស់គ្នាត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាល លើសម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់ចែងលើរឿងនេះ ដើម្បីជាមរតកប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ កន្លងមក សម្តេចតេជោធ្លាប់បានថ្លែងទៅកាន់មជ្ឈដ្ឋានអ្នករិះគន់មួយចំនួនថា កុំនាំគ្នាគិតថា ធ្វើម្ហូបអីខណៈត្រីនៅក្នុងទឹកនៅឡើយ។ ឥឡូវនេះ ត្រីមាននៅក្នុងដៃហើយ ដូច្នេះ ម៉ឺនុយមុខម្ហូប ក៏ពិតជាមាននៅលើតុអាហារដែរ៕

២ មករា ២០២១

Loading...