តំណាងរាស្ត្រមណ្ឌលរតនគិរីមិនបណ្តោយឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកវេទនាទេ ពីព្រោះប្រាក់ខែតំណាងរាស្ត្របានមកពីរាស្រ្ត…!!

ខេត្តរតនគិរី÷ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីមានប្រតិកម្មខ្លាំងៗទៅនឹងអតីតក្រុមហ៊ុនប្រមូលសំរាមគឹមជ្រា របស់លោក ជា គួងដែលបានយកសំរាមទៅចាក់ចោលពាសវាលពាសកាលនិងកន្លែងសត្វឃាតដ្ឋានគ្មានអនាម័យបង្ក ផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។​

ការប្រតិកម្មនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលលោកនិងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនបានអញ្ជើញទៅពិនិត្យជាក់ស្ដែងកន្លែងដែលលោកជាគួងបំពុលបរិស្ថាន (កន្លែងគំនរសំរាម) ស្ថិតនៅភូមិ៣(តាផ្លើន)សង្កាត់កាចាញនិងសត្វឃាតដ្ឋាននៅភូមិជ្រីសង្កាត់យក្ខឡោមក្រុងបានលុង ។

លោកបានសង្កត់ធ្ងន់ថា ខ្ញុំមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋខ្ញុំរងទុក្ខលំបាកវេទនាទ្រាំរស់ក្នុងបរិយាកាសក្លិនស្អុយអាសោជពីគំនរសំរាមនិងក្លិនស្អុយអសោជពីកន្លែងសត្វឃាតដ្ឋានគ្មានអនាម័យបែបនេះនោះឡើយ ប្រាក់ខែតំណាងរាស្ត្របានមកពីរាស្រ្តដូចនេះខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្ញុំ ។

ក្នុងនាមខ្ញុំតំណាងរាស្ត្រមណ្ឌលរតនគិរីជាពិសេសតំណាងឲ្យប្រជាពលរដ្ឋទាំងបីភូមិខាងលើបានសំណូមពរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការចំពោះបុគ្គលជា គួងឲ្យប្រមូលសំរាមចេញឲ្យអស់ពីមូលដ្ឋានរបស់ប្រជាពលរដ្ឋខាងលើបើទោះបីជា បុគ្គលជាគួងអស់សិទ្ធក្នុងការប្រមូលសំរាមក៏ដោយក៏មិនឲ្យបុគ្កលរូបនេះរួចខ្លួនពីការទទួលខុសត្រូវការបំពុលបរិស្ថាននេះដែរ និងសូមឲ្យបុគ្គលជាគង់អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ។

ពីព្រោះគ្មាននរណាហ៊ានប៉ះពាល់បុគ្គលជាគួងនោះទេដោយបុគ្គលរូបនេះអាងខ្នងអ្នកធំម្នាក់នៅឯភ្នំពេញសូមមិនបញ្ចេញចាំការពារជារៀងរហូតមក ។ ដូច្នេះមានតែសម្ដេចតេជោទេដែលមានវិធានការចំពោះលោកជា គួង នេះបាន ។

សូមបញ្ជាក់ថា អតីតក្រុមហ៊ុនប្រមូលសំរាមគឹមជ្រារបស់លោកជាគួងបានបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុងដោយធ្វើការប្រមូលសំរាមមិនទៀងទាត់ចង់ប្រមូលក៏ប្រមូលទៅបើមិនចង់ប្រមូលទុកឲ្យសំរាមគរដូចភ្នំនៅក្នុងផ្សារក្រុងបានលុងនិងតាមផ្ទះរបស់ប្រជាពលរដ្ឋជាពិសេសបានយកសំរាមទៅចាក់ចោលពាសវាលពាសកាលនៅតាមដីចំការរបស់ប្រជាពលរដ្ឋនិងបានលួចបន្លំកែតម្លៃសៀវភៅបន្ទុកថែមទៀតផង រហូតធ្វើឲ្យខេត្តសម្រេចចិត្តចេញដោយការបញ្ឈប់ក្រុមហ៊ុនប្រមូលសំរាមនេះនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៨កន្លងមកនេះ។​

ដោយឡែកកន្លែងសត្វឃាតដ្ឋានរបស់បុគ្គលជាគូងនេះក៏បានបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរដោយបុគ្គលជាគូងនេះមិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថានបណ្ដែតបណ្ដោយឲ្យទឹកស្អុយហៀរហូរចូលដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជុំវិញនោះទោះបីជាខេត្តហៅមកធ្វើការអប់រំណែនាំចំនួន៧លើករួចមកហើយក៏បុគ្គលជាគួងនេះនៅមិនឈឺក្បាលវិលមុខដែរ ៕ ជាយដែន

Loading...