តំណាងស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញពន្លឿនការផ្តល់ សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនិងមិនតម្រូវឱ្យបង់ប្រាក់ឡើយ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យនគរបាលគ្រប់គ្រងការស្នាក់នៅ តំណាងលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពាំនាំនូវប្រសាសន៍របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំជូនដល់មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពន្លឿនផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័យហើយការផ្តល់ឯកសារនោះមិនតម្រូវឱ្យបង់ប្រាក់នោះឡើយ ដើម្បីកាត់បន្ថយការថ្នាំថ្នាក់របស់ប្រជាពលរដ្ឋមកលើនគរបាលជុំវិញបញ្ហាការផ្តល់សេវាអត្តសញ្ញាណកម្មនេះ។

ជាគោលការណ៍គឺការផ្តល់ឯកសារមិនឱ្យលើសរយៈពេលពី១០ថ្ងៃទៅ១៥ថ្ងៃនោះទេ។ការណែនាំនោះនៅក្នុងពិធីប្រគល់ត្រាស្ងួតជូនដល់មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីយកទៅប្រើប្រាស់លើការងារផ្តល់សៀវភៅគ្រួសារជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាអនុវត្តតាមស្មារតី ប្រកាសលេខ ២៨៨៤ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពី ការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅគ្រួសារ -សៀវភៅស្នាក់នៅ ជូនដល់អធិការដ្ឋាននគរបាលខណ្ឌស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល។អនុវត្តតាម ប្រកាសលេខ ០០១ សណន ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅជូនដល់ប្រជាពលរដ្ឋខ្មែរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តតាមប្រកាសខាងលើនិងក៏ធ្វើការប្រគល់ជូន បែបបទសុំផ្តល់ ត្រានិង សៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅជូនដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥និងជូនដល់អធិការដ្ឋាននគរបាលខណ្ឌទាំ១៤ ជាបន្តបន្ទាប់នោះហើយ។ ដើម្បីឱ្យមន្រ្តីនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអធិការដ្ឋាននគរបាលខណ្ឌយកទៅចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់។អនុវត្តតាមគោលការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលធ្វើឯកសារនេះហើយ ត្រូវយកប្រគល់ជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះ ដោយហាមមិនអនុញ្ញាតយកទុកចោលដើម្បីជាថ្នូររកកំរ៉ៃខុសច្បាប់ណានោះឡើយ ៕

Loading...