តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចូលរួមគោរពវិញ្ញាណក្ខន្ធសពមន្រ្តីនគរបាលម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិនិងថវិកាអង្គភាពសរុប៧លាន៧០ម៉ឺនរៀល

រាជធានីភ្នំពេញ :លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងនិងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីនគរបាលក្រោមឱវាទទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពមន្រ្តីនគរបាលម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដែលធ្លាប់មានស្នាដៃល្អចូលរួមចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាសុវត្ថិភាពល្អនៅក្នុងរាជធានីភ្នំពេញហើយបានទទួលមរណៈភាពដោយរោគាពាធនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ៦លានរៀល ,ថវិកាអភិបាលខណ្ឌនិងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ១លាន៧០ម៉ឺនរៀលប្រគល់ជូនគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។នៅក្នុងពិធីបុណ្យសពធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារសពក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្តែងនូវសមានចិត្តចូលរួមមរណ:ទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ សពលោកអនុសេនីយ៍ឯក ផន ផាន់ណា និងបានចាត់ទុកការបាត់បង់នេះ  គឺជាការបាត់បង់មន្រ្តីនគរបាលគំរូម្នាក់ដែលតែងតែបានចូលរួមចំណែកក្នុងសកម្មភាពបំរើជាតិ មាតុភូមិនាំប្រទសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនិងសុវត្ថិភាពល្អ ។

ក្នុងឱកាសដ៏សែនអាលោះអាល័យនោះដែរ លោកឧត្តមសេនីយ៍ស្នងការរងក៏បានបួងសួងសូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ឯក  ផន ផាន់ណាសូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក ផន ផាន់ណា បានធ្លាក់ខ្លួនឈឺជាមួយជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយលោកបានទទួលមរណៈភាពក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅគេហដ្ឋានសព ស្ថិតនៅភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងអំឡុងដែលលោកសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ខាងលើ កាលពីកន្លងទៅនេះ ក៏ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ អញ្ជើញទៅសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារដើម្បីជួយដោះស្រាយទុក្ខលំបាកក្នុងគ្រួសារ៕

Loading...