ត្រាំ បញ្ជូនមន្ត្រីការពារជាតិជាន់ខ្ពស់ទៅកាន់កូរ៉េភ្លាមៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis ត្រូវបានរដ្ឋបាលលោកដូណាល់ ត្រាំ បញ្ជូនឲ្យទៅកាន់កូរ៉េខាងត្បូង ហើយគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់លាស់លើគោលនយោបាយសន្តិសុខរបស់អាមេរិកទៅលើទីក្រុងសេអ៊ូល ខណៈប្រឈមការគំរាមកំហែងពីកូរ៉េខាងជើងនោះ ។

គេនៅចាំបានថា អំឡុងឃោសនាបោះឆ្នោត លោកដូណាល់ ត្រាំ បានថ្លែងចោទប្រកាន់ថា កូរ៉េខាងត្បូង និងជប៉ុនមិនបានផ្តល់ការគាំពារគ្រប់គ្រាន់ឡើយដល់កងយោធាអាមេរិក ។ លោកត្រាំ ថ្លែងថា ពួកគេគួរត្រូវបានអនុញ្ញាតិដល់កងទាហានអាមេរិកមានបំពាក់អាវុធនុយក្លេអ៊ែរដោយផ្ទាល់ ។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែបានច្រានចោលសំណើរបស់ត្រាំ បែបនេះ ។

អំឡុងពេលឃោសនានោះផងដែរ ត្រាំ បានមានបំណងចង់ពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលផ្ទុយពីគោលនយោបាយសម្ពន្ធមិត្តយូរលង់របស់អាមេរិក គឺជប៉ុន និងកូរ៉េខាងត្បូង ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Mattis នឹងស្ថិតនៅកូរ៉េខាងត្បូងរហូតដល់ថ្ងៃសុក្រ សប្តាហ៍នេះ ហើយនិងមានការពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងមន្ត្រីជាន់ខ្ពស់ផ្សេងដទៃទៀត ។

មន្ទីរបង់តាហ្គូនបានប្រកាសថា ដំណើរទស្សនកិច្ចជាការគូសបញ្ជាក់អំពីការអនុវត្តតាមកិច្ចព្រមព្រៀងដើម្បីធានាសម្ពន្ធមិត្តរបស់ខ្លួន ទាំងកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាការពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ​ផងដែរ ។ លោក Mattis បានប្រាប់ក្រុមអ្នកកាសែតថា លោកអាចពិភាក្សាពីគម្រោងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅក្នុងទឹកដីកូរ៉េខាងត្បូង និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

អ្នកវិភាគបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ Mattis ជាការបញ្ជាក់ឲ្យឃើញថា សម្ពន្ធមិត្តអាមេរិកនៅតំបន់អាស៊ីខាងកើត គឺនៅរឹងមាំដដែល ។ ប៉ុន្តែអ្វីដែលរដ្ឋបាលលោកត្រាំ ត្រូវធ្វើចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនោះ គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ។ ទស្សនៈត្រូវបានគេលើកឡើងនៅកូរ៉េខាងត្បូងដែលថា យុទ្ធសាស្ត្រអត់ធ្មត់នៃនយោបាយរបស់រដ្ឋបាលបារ៉ាក់ អូបាម៉ា (រឹតបន្តឹងដើម្បីឲ្យទីក្រុងព្យុងយ៉ាងចុះចាញ់)នោះ គ្មានប្រសិទ្ធភាព ហើយត្រង់ចំណុចនេះ ទំនងជាមានកិច្ចព្រមព្រៀងមួយដែលត្រូវធ្វើឡើងហើយជាមួយលោក គីម ជុងអ៊ុន ។

ទោះបីយ៉ាងណា គ្មាននរណាម្នាក់រំពឹងគិតថា មេដឹកនាំកូរ៉េខាងជើងកំពុងតែបោះបង់ចោលផែនការមហិច្ឆតានុយក្លេអ៊ែរដ៏មានប្រសិទ្ធិភាពនោះទេ ។ ក្រុមអ្នកវិភាគបន្តលើកឡើងទៀតថា កិច្ចព្រមព្រៀងណាមួយទំនងអាចទៅរួច ដរាបណាកិច្ចព្រមព្រៀងនោះ មិនដាក់កម្រិតដល់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ឬកាំជ្រួចមីស៊ីលដើម្បីបាញ់ប្រហារនោះ ។ តើ ត្រាំ ចំណាយប្រាក់ទិញកិច្ចព្រមព្រៀងនេះ?

ដំណើរទស្សនកិច្ចរបស់ Mattis នេះផងដែរ បានកើតឡើងចំពេលដែលកូរ៉េខាងជើងបានគំរាមថា ខ្លួននឹងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបនៅពេលណាក៏បាននោះ ។

កាលពីស្ថិតក្រោមរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា អាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដ៏ទំនើប( THAAD) ដើម្បីការពារកូរ៉េខាងត្បូងពីមីស៊ីលកូរ៉េខាងជើង ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ​បានធ្វើឲ្យចិនខឹងសម្បារ និងនិយាយថា ជាការគំរាមកំហែងសន្តិសុខខ្លួន និងថា នៅឧបទ្វីបកូរ៉េមិនចាំបាច់អ្វីដល់ថ្នាក់ដាក់ពង្រាយកាំជ្រួចមីស៊ីលការពារធុននេះឡើយ ។

កិច្ចព្រមព្រៀងមុនសង្គ្រាម​ទាហានអាមេរិក២៨.៥០០នាក់ត្រូវដាក់ឲ្យឈរជើងក្នុងមូលដ្ឋាននៅកូរ៉េខាងត្បូង ហើយកូរ៉េត្រូវចំណាយប្រាក់ប្រមាណ៩០០លានដុល្លារប្រចាំឆ្នាំ ។

នៅថ្ងៃសុក្រ សប្តាហ៍នេះ Mattis នឹងទៅកាន់ជប៉ុន ពិភាក្សាជាមួយ Tomomi Inada រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ។ ទាហានអាមេរិកនៅជប៉ុនមានប្រមាណ៥ម៉ឺននាក់ បូកពីលើបុគ្គលិកគាំទ្រ ឯករាជ្យរបស់ពួកគេនៅជប៉ុន ។ អាមេរិកចាយប្រាក់៥.៥ពាន់លានដុល្លារសម្រាប់បន្ទាយរបស់ខ្លួននៅជប៉ុន​ក្នុងឆ្នាំ២០១៦ ខណៈដែលជប៉ុនចំណាយប្រមាណ៤ពាន់លានបន្ថែមទៀត ៕ សុរ្ម័ន

Loading...