ត្រីបាឡែនប្រហែល៩០ក្បាលបានងាប់នៅសមុទ្រ Tasmania ប្រទេសអូស្ត្រាលី ស្មើប្រហែល១ភាគ៣ នៃត្រីបាឡែនសរុបប្រមាណ២៧០ក្បាលដែលជាប់គាំងនៅទីនោះ ។ ត្រីបាឡែនបន្ថែមទៀតអាចនឹងងាប់ នេះបើតាមក្រុមជួយសង្គ្រោះអូស្ត្រាលីបញ្ជាក់ប្រាប់ប្រភពប៊ីប៊ីស៊ី ផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះ នៅថ្ងៃទី២២ ខែកញ្ញា អាចជួយសង្គ្រោះត្រីបាឡែនបាន២៥ក្បាល ហើយមានបំណងបញ្ជូនត្រីទាំងនោះទៅកាន់សមុទ្រវិញ ។
ត្រីបាឡែនត្រូវបានប្រទះឃើញនៅក្នុងទីកន្លែងទឹករាក់ នៃច្រាំងឈូងសមុទ្រខាងលិចដែនកោះកាលពីថ្ងៃទី២១ ខែកញ្ញា ។ គេមិនទាន់ដឹងមូលហេតុអ្វីបាននាំឲ្យត្រីបាឡែននាំគ្នាមកកាន់ច្រាំងសមុទ្រនោះឡើយ ។ អ្នកជីវវិទូឈ្មោះ Marine បាននិយាយថា បេសកកម្មជួយសង្គ្រោះទំនងចំណាយពេលច្រើនថ្ងៃ ។
ត្រីបាឡែនមកជាប់គាំងនៅឆ្នេរខ្សាច់នៃច្រាំងសមុទ្រនៅក្នុងតំបន់គឺជារឿងធម្មតាទេ ។ ប៉ុន្តែចំនួនសត្វត្រីបាឡែនដ៏ច្រើនមកជាប់គាំងបែបនេះ គឺមិនធ្លាប់ជួបប្រទះក្នុងអំឡុងពេលជិត១ទសវត្សរ៍ ។
គេនៅចាំបានថា សត្វត្រីបាឡែនដែលធ្លាប់បានមកជាប់គាំងលើកចុងក្រោយនៅច្រាំងសមុទ្រ Tasmania នេះគឺនៅក្នុងឆ្នាំ២០០៩ កាលណោះមានប្រហែល២០០ក្បាល ៕ ថាច់ យ៉ាត