ត្រីមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ថយចុះ១៥៣លើក ស្មើនឹង១៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេល៣ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានថយចុះចំនួន១៥៣ករណី ស្មើនឹង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលនាំឲ្យចំនួនអ្នកស្លាប់ និងរបួសថយចុះមានការថយចុះ។

តាមរយៈ Facebook នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញតួលេខថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុប ចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺ ត្រីមាសទី១ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩១៦លើក។

ខាងក្រោមជាខ្លឹមសារទាំងស្រុងពីផេកហ្វេសប៊ុកសម្តេច ស ខេង ៖

នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។

យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។

ចំពោះអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់ ។

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាស​ទី១​ឆ្នាំ២០២១នេះ គឺមានចំនួន១.១១៣នាក់បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១.៣១៥នាក់។

ផ្អែកលើលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោគ​ សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត។

ជាមួយគ្នានេះខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់បងប្អូនជនរួមជាតិនេះហើយ ដែលបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍ទោះថាមិនមែនជាជម្ងឺឆ្លងក៍ដោយ ក៍គ្រោះថ្នាក់នេះបានផ្តាច់ផ្តិលជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។ ខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និង ស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ច ដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រី ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ៕

Loading...