ថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបាន ក្នុងខែមេសា ឆ្នាំ២០២០សរុបចំនួន ១ ៥៦១ ៩៥៤ ៥១៦.៤០ រៀល និង ៧៩៨ ២៧២.៣៩ ដុល្លារ

(ភ្នំពេញ)៖ ក្នុងខែមេសា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគគិតជាទឹកប្រាក់សរុបចំនួន ១ ៥៦១ ៩៥៤ ៥១៦.៤០ រៀល និង ៧៩៨ ២៧២.៣៩ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ១៦ ០៧៣ រូប ដែលរួមមាន សមាជិកកិត្តិយសចំនួន ១ រូប, សមាជិកគាំទ្រចំនួន ១៤ ៥៦៩ រូប និងសប្បុរសជនផ្សេងៗ ចំនួន ១ ៥០៣ រូប។ នេះបើតាមប្រកាសព័ត៌មាន របស់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០កន្លងទៅ ។

ក្នុងចំណោមថវិកាសរុបនេះ ធនាគារអេស៊ីលីដាបានបរិច្ចាគចំនួន ១ ២០០ ០០០ ០០០ រៀល និងថវិកាចំនួន ៧៦៧ ៣២៨ ដុល្លារអាមេរិក បានមកពីកម្រៃពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី១ ឆ្នាំ២០២០។ រួមគ្នានេះដែរ មូលនិធិបានផ្ទេរថវិកាចំនួន ៧៦៧ ៣២៨ ដុល្លារអាមេរិក ​​ ដើម្បីបន្តគាំទ្រការពិនិត្យព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា។

សូមជម្រាបជូនថា សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា អាចបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

Loading...