ថៃគ្រោង​នឹង​ជម្លៀស​ប្រជាជន​ខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា ប្រសិនបើស្ថានការណ៍​កាន់តែ​អាក្រក់

បាងកក ៖ ប្រទេស​ថៃបានរៀបចំ​ផែនការ​ជម្លៀស​ប្រជាជន​ខ្លួន​ដែល​ជាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ប្រសិនបើ​អំពើ​ហឹ​ង្សា​នៅ​ទីនោះ​កាន់តែ​អាក្រក់​ទៅៗ។ ​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Bangkok Post​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Tanee Sangrat បាន​និយាយថា ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន បាន​រាយការណ៍​ថា​ការតវ៉ា​ប្រឆាំងនឹង​មេដឹកនាំ​យោធា​របស់​មី​យ៉ាន់​ម៉ា​កំពុង​បន្ត បើទោះបី​ការផ្គត់ផ្គង់​ស្បៀងអាហារ​មិនត្រូវ​បាន​រំខាន​ក៏ដោយ​។​

​លោក​បាន​និយាយថា​អាជ្ញាធរ​ថៃ​បាន​ឃ្លាំមើល​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់​ហើយ​បាន​ឯកភាព​ថា ស្ថានការណ៍​មិនទាន់​ឈានដល់​ចំណុច​មួយ​ដែល​ប្រជាជន​ថៃ​នឹងត្រូវ​ប្រាប់​អោយ​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អំពើ​ហិ​ង្សា​កាន់តែ​កើនឡើង​ដែល​ត្រូវការ​ការជម្លៀស​ប្រជាជន​នោះ ស្ថានទូត​មាន​ផែនការ​ក្នុង​ការនាំ​ជនជាតិ​ថៃ​ត្រឡប់ទៅផ្ទះ​វិញ​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​លោក Thanat Chanamphai បាន​និយាយ​មេបញ្ជាការ​កងទ័ពអាកាស Suttiwan បាន​ណែនាំ​ដល់​កង​អង្គភាព​លេខ​៦ ដែលមាន​មូលដ្ឋាន​នៅ​អាកាសយានដ្ឋាន Don Mueang ឲ្យ​ត្រៀម​យន្តហោះ​ដឹកជញ្ជូន​ធុន C-130 ប្រសិនបើ​រដ្ឋាភិបាល​ប្រគល់​បេសកកម្ម​នាំ​ជនជាតិ​ថៃ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រឡប់មកផ្ទះ​វិញ​។​

​លោក Thanat បាន​និយាយថា “​មេបញ្ជាការ​កងទ័ពអាកាស​បានផ្តល់​ការណែនាំ​នៅពេល​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​បានចាប់ផ្តើម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ យន្តហោះ​នឹង​ហោះហើរ​ភ្លាមៗ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​”។ ទោះយ៉ាងណា​ក្រសួងការបរទេស​នឹង​វាយតម្លៃ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ហើយ​សំរេច​ថា ​តើ​ពេលណា​ជនជាតិ​ថៃ​គួរតែ​ត្រូវបាន​គេ​នាំ​ត្រឡប់មក​មាតុភូមិ​វិញ​។​

​ជាមួយគ្នានេះដែរ​លោក Tanee បានលើកឡើង​ពី​ជំហរ​របស់​រដ្ឋាភិបាលថៃ​ស្តីពី​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​និយាយថា​រដ្ឋាភិបាលថៃ​មានការ​ព្រួយបារម្ភ​អំពី​របាយការណ៍​នៃ​ការកើនឡើង​នៃ​ការបង្ក្រាប​ដោយ​ហិ​ង្សានៅក្នុង​ប្រទេស​។ រដ្ឋាភិបាល​ថៃបានស្នើ​ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​អនុវត្ត​ការអត់ធ្មត់​បន្ថែមទៀតនិង ​ព្យាយាម​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា ​និង​ដោះលែង​អ្នក​ជាប់ឃុំ​ផងដែរ​៕

Loading...