ថៃជួបគ្រោះផ្ទួនៗបណ្តាលឲ្យស្លាប់មនុស្ស និងភ្ញៀវទេសចរណ៍បន្តបន្ទាប់

ស្របពេលដែលមានអ្នកជួយសង្គ្រោះថៃម្នាក់ស្លាប់ក្នុងការជួយ សង្គ្រោះក្មេងជាប់ក្នុងរូងភ្នំថាំហ្លូង ១៣ នាក់នោះ នៅឯឆ្នេរសមុទ្រ​នៃខេត្ត ភូកេត (Phuket)ឯណោះ ក៏មានករណីលិចទូក ដឹកភ្ញៀវទេសចរបណ្តាលឱ្យមានអ្នកស្លាប់ និង បាត់ខ្លួនថែមទៀត ។

ព័ត៌មានបានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះថៃ​បានរកឃើញសាកសព​ភ្ញៀវទេសចរម្នាក់ និង ​កំពុង​តាមស្វែង​រកមនុស្ស ៥៣ នាក់ ផ្សេងទៀត​ ដែលបានបាត់ខ្លួន ​ក្រោយពី​ទូក​ទេសចរណ៍​ពីរគ្រឿង លិច​នៅឯឆ្នេរសមុទ្រ​នៃខេត្ត ភូកេត (Phuket) ដោយសារ​រលកកម្ពស់​ដល់ទៅ ៥ ម៉ែត្រ បង្កឡើង​ដោយព្យុះ កាលពី​ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ។

ទូកពីរ​គ្រឿងនោះបានដឹក​ភ្ញៀវទេសចរចិន និង រុស្សី ចំនួន ១២៧ នាក់ ក្នុងនោះ រួមមាន​សមាជិកក្រុម​អ្នកទេសចរចំនួន ៣៦ នាក់ មកពីខេត្ត ស៊ីជាំង (Zhejiang) ភាគខាង​កើតប្រទេសចិន បានក្រឡាប់លិច​កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ នៅឯឆ្នេរសមុទ្រ​នៃខេត្ត Phuket ដោយសាររលក​កម្ពស់ដល់ទៅ ៥ ​ម៉ែត្រដែលបានបង្កឡើងដោយ ព្យុះ។

អាជ្ញាធរថៃបានអះអាងថា ពួកគេបាន​ព្រមានពីព្យុះដែលកើតឡើង កាលពី​ថ្ងៃព្រហស្បតិ៍​ ប៉ុន្តែទូកទាំងពីរ​ខាងលើនៅ​តែចេញ​ដំណើរ​ទៅ​សមុទ្រ​​ដដែល ។

អគ្គស្ថាន​កុងស៊ុលចិនប្រចាំខេត្ត សុងក្លា (Songkhla) បានអះអាងថា សាកសពភ្ញៀវទេសចរ ដែលគេ ស្រង់ចេញពីទឹក​គឺជាជនជាតិចិន​ម្នាក់ ស្ថិតនៅក្នុងចំណោម​ភ្ញៀវទេសចរចិន ៥០ នាក់ ដែល​បានបាត់ខ្លួន ខណៈមនុស្ស ​៧៦ នាក់ទៀត ត្រូវបានជួយ​សង្រ្គោះ ៕

Loading...