ថៃរុះរើក្បាលម៉ាស៊ីនរដ្ឋាភិបាលដើម្បីស្តារសេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្រេចរុះរើក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ។

ក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីនណាវ៉ាតត្រា ថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋមន្ត្រី នៅក្នុងខែកញ្ញាបន្ទាប់ពីពេលនោះ។ យ៉ាងណាក៏ដោយ រយៈពេលជិតមួយឆ្នាំនៃបង្កើតរដ្ឋាភិបាលដែលគ្រប់គ្រងដោយរដ្ឋបាលយោធា មិនបានធ្វើឲ្យអ្នកវិនិយោគមាន ភាពកក់ក្តៅ និង ទំនុកចិត្តនោះទេព្រោះមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយចប់នៅឡើយ។ ជាពិសេសនោះគឺបញ្ហានៃរដ្ឋបាលគ្រប់គ្រងដែលភាគច្រើន គឺជាសមាជិកយោធា។

ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ បានថ្លែងការណ៍ទៅកាន់អ្នកសារពត៌មានក្នុងស្រុកថា ៣៥នៃតំណែងរដ្ឋមន្ត្រីបច្ចុប្បន្ន រួមបញ្ចូលទាំងតំណែងរបស់លោកផងដែរនោះ នឹងត្រូវមានការផ្លាស់ប្តូរ ក្នុងពេលខាងមុខនេះ។ ក្នុងនោះ សមាជិកថ្មីដែលនឹងត្រូវចូលមកជំនួស គឺជាអ្នកខាងក្រៅ ពោលគឺ ជាអ្នកដែលមិនធ្លាប់មានតំណែងក្នុងរដ្ឋាភិបាល ដែលនឹងរួមបញ្ចូលយោធាផងដែរ។

អ្វីដែលគួរកត់សម្គាល់នោះ ការគ្រោងផ្លាស់ប្តូរសមាជិករដ្ឋាភិបាលថ្មីនេះ ត្រូវបានលេចឡើងស្របពេល ដំណើរការនៃការកែប្រៃរដ្ឋធម្មនុញ្ញថ្មី កំពុងជាប់គាំង ជាពិសេសនោះ ស្របពេលដែលមានពត៌មាន នៃលេចលឺពីការពន្យារពេលនៃការបោះឆ្នោតជាសកលជាបន្តបន្ទាប់។ ភាពស្របគ្នានេះ បានក្លាយជាចំណោទបញ្ហាមួយសម្រាប់អ្នកវិភាគថាតើ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះដើម្បីស្តារសេដ្ឋកិច្ច ឬ ដើម្បីពង្រឹងអំណាចយោធាក្នុងជួររដ្ឋាភិបាល។

គួររម្លឹកផងដែរថា សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថៃថ្មីដែលរៀបរៀងដោយគណៈកម្មាការដែលចាត់តាំង ដោយលោកប្រាយុទ្ធ បានបញ្ញត្តិលើប្រការមួយចំនូនដែលផ្តល់អាទិភាពដល់យោធាច្រើនក្នុងការកាន់ តំណែង។ នោះ គឹរដ្ឋាភិបាលអាចឡើងកាន់តំណែងដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត និង សមាជិកព្រឹទ្ធសភាត្រូវកាន់តំណែងតាមរយៈការតែងតែងផងដែរ ៕

 

chanocha

Loading...

Leave a Reply

Your email address will not be published. Required fields are marked *