ថៃ និងក្រុមឧទ្ទាមភាគខាងត្បូងបិទទ្វារជួបប្រជុំពិភាក្សាគ្នានៅទីក្រុងកូឡាឡាំពួរ

មន្ត្រីប្រតិភូមួយរូបបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ថា គណៈប្រតិភូមួយក្រុមដឹកនាំដោយទីប្រឹក្សាពិសេសអគ្គមេបញ្ជាការកងទ័ពថៃ Aksara Kerdpol បានជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមឧទ្ទាមមកពីតំបន់ភាគខាងត្បូងប្រទេសថៃបានជួបប្រជុំពិភាក្សាគ្នានៅក្នុងទីក្រុងគូឡាឡាំពួរ រដ្ឋធានីប្រទេសម៉ាឡេស៊ី ។

នេះជាជំនួបលើកទី៣ហើយដែលបានធ្វើឡើងក្នុងការស្វែងរកសន្តិភាព ស្ថិតក្រោមការសម្របសម្រួលពីភ្នាក់ងារស៊ើបការសម្ងាត់ម៉ាឡេស៊ី ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហាររបស់កម្លាំងយោធាថៃទៅលើរដ្ឋាភិបាលស្របច្បាប់កាលពីមួយឆ្នាំកន្លងមកនោះ ។ កិច្ចពិភាក្សាលើកទីមួយបានកើតឡើងនៅក្នុងខែមេសា ហើយលើកទីពីរបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០១៥ ហើយលទ្ធផលសម្រេចបានគួរជាទីមោទនៈ ។

លោក Nakrob Boonbuathong មន្ត្រីយោធាជាន់ខ្ពស់ថៃដែលចូលរួមក្នុងកិច្ចពិភាក្សាដែរនោះបានបញ្ជាក់ថា រាល់កិច្ចពិភាក្សាដែលសម្រេចព្រមព្រៀងឡើង គឺត្រូវប្រកាសជាសធារណៈ ប៉ុន្តែកិច្ចព្រមព្រៀងដែលចរចាគ្នា មិនទាន់ត្រូវ គឺបន្តពិភាក្សាទទៅទៀត ។ នៅចុងឆ្នាំខាងមុខនេះ ឬយ៉ាងហោចណាស់ដើមឆ្នាំ២០១៦ នឹងមានកិច្ចពិភាក្សាសន្តិភាពជាសាធារណៈរវាងរដ្ឋាភិបាល នឹងក្រុមឧទ្ទាមភាគខាងត្បូងថៃនេះ ។

កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមភាគខាងត្បូងថៃរបសអតីតរដ្ឋាភិបាលយីងឡាក់ ស៊ីណាវ៉ាត្រា បានផ្តើមឡើងនៅក្នុងឆ្នាំ២០១៣ ។

ក្រុមមូស្លីមផ្តាច់ខ្លួនថៃ៦ក្រុមបានរួមបញ្ចូលគ្នាកាលពីដើមឆ្នាំ២០១៥នេះ ស្ថិតក្រោមឆត្រតែមួយដែលគេឲ្យឈ្មោះថា Mara Patani ។ ក្រុមផ្តាច់ខ្លួនទាំង៦ក្រុមនោះ រួមមាន Barisan Revolusi Nasional ក្រុម Gerakan Mujahideen Islam Patani ក្រុម Barisan Islam Pembebasan Patani និងក្រុម៣ទៀតស្ថិតនៅក្នុងអង្គការរំដោះបាតានី ។

មេទ័ពថៃ Aksara បានបញ្ជាក់ថា ក្រុមឧទ្ទាមបានកែប្រែគោលការណ៍របស់ពួកគេពីអំពើហិង្សា ។ ភាគីទាំងពីរបានពិភាក្សាស្វែងរកបង្កើតតំបន់សុវត្ថិភាព ស្ថិតនៅខេត្តភាគខាងត្បូងថៃ ។ មនុស្សជាង៦.៤០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០០៤រៀងមក ក្នុងសមរភូមិមួយធ្វើឡើងដើម្បីដណ្តើមទឹកដីគ្រងគ្រងស្វយ័តកាន់តែធំទូលាយ ។

ក្រុមសង្កេតការបានសម្តែងការសាទរចំពោះកិច្ចបន្តចរចាសន្តិភាពនេះ ក្រោយមានការអាក់ខានទៅវិញដោយសារតែជម្លោះនយោបាយកាលពីចុងឆ្នាំ២០១៣នៅក្នុងទីក្រុងបាងកក ។ ប៉ុន្តែទោះបីយ៉ាងណា ពួកគេបានលើកឡើងថា បញ្ហាចាំបាច់ច្រើនទៀតដែលត្រូវការឲ្យមានការសម្រេចឡើងដើម្បីបញ្ចប់ឈ្មោះដែលហៅថា ឧទ្ទាមរយៈពេល១១ឆ្នាំកន្លងមកនោះ ។

អ្នកសង្កេតការសិទ្ធិមនុស្ស និងជាអ្នកសិក្សាស្រាវជ្រាវស៊ីជម្រៅបញ្ហាខាងលើប្រចាំនៅប្រទេសថៃ លោក Sunai Phasuk បញ្ជាក់ថា ក្រៅពីរដ្ឋាភិបាល មេដឹកនាំក្រុមឧទ្ទាមដែលផ្តោតទៅលើដំណើរការចរចាសន្តិភាពនេះឆ្លុះបញ្ចាំងពីចំណុចមួយវិជ្ជមាន ។ ប៉ុន្តែទោះយ៉ាងណា គេនៅមិនទាន់ដឹងជំហច្បាស់លាស់ពីកងកម្លាំងរបស់ក្រុមឧទ្ទាមដែលព្រមធ្វើតាមមេដឹកនាំរបស់ពួកគេដែរឬយ៉ាងណានោះទេ ។

លោកបន្តថា មានតែកម្លាំងសន្តិសុខប៉ុណ្ណោះដែលចូលរួមពិភាក្សាសន្តិភាពនៅក្នុងឆ្នាំនេះ គ្មានតំណាងអង្គការសង្គមស៊ីវិល ឬអ្នកច្បាប់នោះទេ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា Mara Patani នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងគូឡាឡាំពួរ ហើយជាមួយគ្នានោះដែរ ប្រភពពីកម្លាំងសន្តិសុខថៃបានស្វះស្វែងរកឲ្យមានកិច្ចពិភាក្សាសម្ងាត់នៅពេលខាងមុខនេះទៀតដែលទំនងប្រព្រឹត្តទៅនៅក្នុងខែកញ្ញា ឬខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ៕

south thailand attach
អំពើហិង្សាផ្ទុះឡើងនៅខេត្តភាគខាងត្បូងថៃ នាពេលកន្លងមក

Southern-Provinces

Loading...

Leave a Reply

Your email address will not be published. Required fields are marked *