ថៅកែត្បូងម្នាក់រងការចោទប្រកាន់ពីពលរដ្ឋជីកស្រះកាយដីចាក់រំលោភយកចំណីអូរធម៌ជាតិអូរតាវ៉ៅ

ខេត្តប៉ៃលិន៖ ថៅកែត្បូងម្នាក់ត្រូវបានគេស្គាល់ឈ្មោះ តែ ម៉េងសួរ នៅខេត្តប៉ៃលិន បានរងការចោទ ប្រកាន់ពីពលរដ្ឋថាបានធ្វើសកម្មភាពយកគ្រឿងចក្រមកជីកស្រះទឹកហើយកាយអាចម៌ដីចាក់រំលោភយកចំណីអូរធម្មជាតិឈ្មោះអូរតាវ៉ៅ ដែលជាអូរដ៏សំខាន់មួយសម្រាប់រំដោះទឹកធ្លាក់ពីលើភ្នំខៀវមកផ្នែកខាងក្រោមនៅត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

សកម្មភាពនៃការជីកស្រះទឹកហើយកាយដីចាក់រំលោភយកចំណីអូរធម្មជាតិពីសំណាក់ថៅកែត្បូងរូបនោះ ត្រូវបានពលរដ្ឋរស់នៅក្នុងតំបន់ខាងលើប្រាប់ឱ្យដឹងថាធ្វើឡើង មានរយៈពេលជាងមួយសប្តាហ៍មកហើយ ដោយគេមិនឃើញអាជ្ញាធរក្រុង និងមន្រ្តីមន្ទីរជំនាញ ពាក់ព័ន្ធចុះទៅត្រួតពិនិត្យនិងហាមឃាត់នោះឡើយ។ពោលគឺគេបណ្តែតបណ្តោយឱ្យមានការជីកកកាយរំលោភយកចំណីមាត់អូរធម្មជាតិតាមតែអំពើចិត្ត ហាក់បីដូចជាគ្មានខ្លាចញញើតច្បាប់របស់រដ្ឋបន្តិចទាល់តែសោះ ។ ពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរក្រុងប៉ៃលិន រឺមន្រ្តីជំនាញពាក់ព័ន្ធមានការឃុបឃិតគ្នា បិតភ្នែក ធ្វើជាមិនឃើញនិងមិនដឹងទើបគ្មានវិធានការចុះទៅហាមឃាត់និងទប់ស្កាត់ ។

កម្មភាពកាយដីចាក់រំលោភយកចំណីអូរតាវ៉ៅ ត្រូវគេមើលឃើញថា អាចនិងបង្កប៉ះពាល់ដល់បរិស្ថាន ដូចជាអាច៌ដីធ្លាក់ចូលអូរ ធ្វើឱ្យអូរធម្មជាតិដែលមានជម្រៅមកជាអូរទឹករាក់វិញ ហើយអូរមានទំហំធំ ក្លាយជាអូររួមកាន់តែតូចទៅៗ និងអ្វីប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៅទៀតគឺបង្កឱ្យកកស្ទះមុខទឹក និងការរំដោះទឹកភ្លៀងធ្លាក់ពីភ្នំខៀវមិនទាន់ធ្វើឱ្យមានទឹកជំនន់កើតឡើងផងនោះទៀត។

ជុំវិញនៃការចោទប្រកាន់ខាងលើ លោក តែ ម៉េងសួរ ដែលជាថៅកែត្បូងនៅខេត្តប៉ៃលិន បានបំភ្លឺប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ម្សិលមិញឱ្យដឹងថា ការជីកស្រះកាយដីនោះជានៅលើដីរបស់លោក ដោយលោកមិនបានទៅចាក់ដីរំលោភយកចំណីអូរដូចការចោទប្រកាន់នោះទេ។លោកជីកស្រះគឺដើម្បីស្តុកទឹកសម្រាប់ទុកប្រើប្រាស់ស្រោចស្រពដំណាំ។ជីកស្រះកាយដីក៏បានសុំច្បាប់អនុញ្ញាតគ្រប់ទីកន្លែងរួចរាល់អស់ហើយ។

ដោយឡែក លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះថា ករណីដែលមានជីកស្រះកាយដីចាក់រំលោភយកចំណី មាត់អូរតាវ៉ៅ លោកមិនបានដឹងនោះទេ ។លោកប្រាប់ទៀតថា បើសិនមាន អ្នកជីកដីកាយស្រះប៉ះពាល់អូរធម្មជាតិ ស្ទឹង បឹងបួរ របស់រដ្ឋ ជូនកាលគេមិនបានមកសុំច្បាប់មន្ទីរធនធានទឹកនោះទេ ក៏ប៉ុន្តែគេធ្វើតាមរយៈអាជ្ញាធរភូមិ សង្កាត់ ហើយអាជ្ញាធរមូលដ្ឋានទាំងនោះរាយការណ៍មកលោកដើម្បីលោកចុះទៅត្រួតពិនិត្យ។ ប៉ុន្តែមកដល់ពេលនេះ លោកមិនបានឃើញការសុំច្បាប់ជីកស្រះកាយដីប៉ះពាល់អូរតាវ៉ៅរបស់លោកតែ ម៉េងសួរ នៅឡើយទេ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទឱ្យជួយបំភ្លឺនោះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូល២ទៅ៣ដង កាលពីថ្ងៃទី១៣ ម្សិលមិញ គ្មានការឆ្លើយតប។

ជុំវិញ បញ្ហាជីកស្រះកាយដីចាក់រំលោភយកចំណីមាត់អូរតាវ៉ៅរបស់ ថៅកែត្បូង ខាងលើ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ករណី នោះលោកមិនបានដឹងនោះទេ ហើយក៏គ្មានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងប៉ៃលិន ធ្វើ របាយការណ៍រាយការណ៍ជូនលោកនោះឡើយ ។

លោកប្រាប់ទៀតថា លោក តែម៉េងសួរ ធ្លាប់មានរឿងជម្រោងជម្រះនិងប្តឹងផ្តល់ពីពលរដ្ឋពាក់ព័ន្ធនិងអូរនោះផងដែរប៉ុន្តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញ។

លោកអភិបាលខេត្តបញ្ជាក់ប្រាប់ទៀតថា បើមានករណីជីកស្រះប៉ះពាល់អូរធម្មជាតិនោះមែនលោកនិងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យ ៕ ពាយព្យ

IMG_2820

IMG_2819

IMG_2818

IMG_2822

IMG_2823

IMG_2829

Loading...

Leave a Reply

Your email address will not be published. Required fields are marked *