ថៅកែរណ្តៅដីឈ្មោះពៅបាញ់អស់មួយបង់ គម្រាមជំនាញខាងក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន ធ្វើដូចប្រទេសអត់ច្បាប់

ខេត្តកណ្តាល៖ ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ឋិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅចំពីខាងក្រោយបន្ទាយសឹករងខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា៖ ជនបង្កឈ្មោះពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគម្រាមខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។

បន្ទាប់ពីបាញ់ឈ្មោះពៅក៏បានបញ្ជាអោយកូនចៅរបស់ខ្លួនបើកអា«អិច» កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។ ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គម្រាមមន្ត្រីរាជការ សាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃ​សុក្រ​ ៣កើត​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព-ស២៥៦១​ ត្រូវនឹងថ្ងៃទី១៩​ ខែ​ មករា​ ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។

មន្ត្រីបង្ហើបថា៖ ឈ្មោះពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយ បង់រារាំងបាញ់ គម្រាមមន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ។ ដូច្នោះនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៍ ស្រុកស្អាងនិងឈានដល់ឃាត់ ខ្លួនជនបង្កនេះ ព្រោះសកម្មភាពគេប្រព្រឹត្តជាបទល្មើសជាក់ស្តែង មានសិទ្ធឃាត់ខ្លួនក្នុងរយះពេល៧ថ្ងៃ ដោយមិនចាំបាច់ស្នើសុំការឯកភាពពីតំណាងអយ្យការ៕

Loading...