ថៅកែរោងចក្រកាត់ដេរ ឈ្មោះ ហេង ថយរថយន្តកិនស្លាប់កម្មករម្នាក់ពេលកំពុងបំពេញការងារ

ភ្នំពេញ ៖ កម្មករម្នាក់បានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវថៅការរោងចក្រកាត់ដេរ ឈ្មោះ ហេង បានថយរថយន្តរបស់ខ្លួនកិនពីលើជនរងគ្រោះដែលកំពុងបំពេញការងារនោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពី១១និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅរោងចក្រកាត់ដែរមួយកន្លែង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក យ៉ិន សុផល សាច់ញាតិផ្ទាល់របស់ជនរងគ្រោះបានប្រាប់ថា ប្អូនរបស់ខ្លួន ឈ្មោះ យ៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើតខេត្តកំពង់ចាម ត្រូវរថយន្តម៉ាកប្រ៉ាដូ របស់ឈ្មោះ ហេង ដែលជាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់នោះ រ៉ឺយ៉ែរថយក្រោយ ហើយបុក និងកិនពីលើខណៈកំពុងបំពេញការងារដូចសព្វមួយដង បណ្តាលឲ្យរងរបួសជាទម្ងន់ និងបានបាត់បង់ជីវិតអំឡុងពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ប្រភពបានបន្តថា ថៅកែរោងចក្រ បើករថយន្តបង្ក ឈ្មោះ ហេងខាងលើ បានអង្វរ សុំកុំឲ្យក្រុមគួ្រសារជនរងគ្រោះឡូឡា នាំឲ្យឮខ្ច័រខ្ចាយដំណឹងនេះចេញទៅខាងក្រៅ ដោយសន្យា សម្របសម្រួលសងសំណងស្ងាត់ៗដើម្បីបញ្ចប់រឿង ។ ថៅកែឈ្មោះ ហេង រូបនេះថែមទាំង បានលួងលោមក្រុមគ្រួសាររងគ្រោះឲ្យដឹកសាកសព យ៉ិន សុភ័ក្រ ទៅកាន់ស្រុកកំណើតរបស់ប្រពន្ធជនរងគ្រោះនៅឯខេត្តតាកែវនោះធ្វើបុណ្យថែមទៀតផង ។

ដំណឹងខាងលើនេះ ទើបតែបានបែកធ្លាយកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ប៉ុណ្ណោះ គឺខណៈដែលក្រុមគ្រួសារសាកសពរងគ្រោះ ចាំបាត់ៗ មិនឃើញឈ្មោះ ហេង ដែលជាជនបង្ក បើករថយន្តបុកមនុស្សស្លាប់នោះ ចូលខ្លួនមកសម្របសម្រួល ឬផ្តល់សំណងអ្វីមួយកាក់មួយសេនណានៅឡើយនោះ ។

សាច់ញាតិជនរងគ្រោះបានដាក់ការងឿងឆ្ងល់ក្នុងចិត្តថា សង្ស័យតែចាញ់បោកជនបង្ក ឈ្មោះ ហេង នេះទេ និងបានស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះពួកគាត់ផង ។

តាមពិតទៅ ជនដែលបើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យអ្នកដទៃស្លាប់នោះ ត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធនាគារផងដែរ ៕

11

22

Loading...