ថៅកែហាង «លុចសារីបៀរ» ត្រូវបានឃាត់ខ្លួនករណីចាក់សោបង្ខាំងទុកនារីអ្នកបំរើការងារមិនឲ្យចេញក្រៅ

ខេត្តព្រះវិហារ ៖ ថៅកែភោជនីយដ្ឋាន «លុចសារីបៀរ» ត្រូវបានឃាត់ខ្លួនយកទៅសាកសួរករណីចាក់សោបង្ខាំងទុកនារីអ្នកបំរើការងារម្នាក់មិនឲ្យចេញក្រៅ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនគរបាល ក្រុងព្រះវិហារ ចុះត្រួតពិនិត្យទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ «លុចសារីបៀរ» ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។

លោក វុធ សាវី ខេត្តព្រះវិហារ បានឲ្យដឹងថា ករណីនេះ ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ សួន ស្រីហៀង ភេទស្រីអាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តាមទូរស័ព្ទ កាលពីវេលាម៉ោង១០ព្រឹកមិញថា ត្រូវបានថៅកែភោជនីយដ្ឋាន លុច សារីបៀ ឈ្មោះ អ៊ិន ប៊ុននឿន ភេទប្រុស អាយុប្រហែល២៧ឆ្នាំ បានបង្ខាំងខ្លួនមិនអោយចេញពីហាង តាំងពីយប់ថ្ងៃទី២១ ខែមិនាម្សិលមិញ។

លោកបន្តទៀតថា លោកបានសុំគោលការណ៍ពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ក៏បានចុះត្រួតពិនិត្យទីតាំងកើតហេតុ ឃើញជាក់ស្តែងថា ទីតាំងហាងនេះបានចាក់សោរពីខាងក្រៅ។ ដូច្នេះហើយ សមត្ថកិច្ចក៏បានឆែកឆេរ រកឃើញមនុស្សស្រី ម្នាក់ នៅខាងក្នុងហាងនោះពិតប្រាកដមែន។

លោកបន្តថា តាមការផ្តល់ចម្លើយពីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ ជាបុគ្គលិកបម្រើការងារ នៅក្នុងហាងមួយនេះ ប៉ុន្តែនារីរូបនេះបានសុំលាឈប់ពីការងារ ធ្វើឲ្យថៅកែហាងខឹង ក៏បានបង្ខាំង នាងមិនឲ្យចេញក្រៅតែម្តង តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ទើបរូបនាងដាច់ចិត្ត ទូរស័ព្ទសុំជួយ អន្តរាគមន៍ពីសមត្ថកិច្ចទាន់ពេល។

សូមបញ្ជាក់ថា មកដល់ពេលនេះ នារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកកាន់ អធិការនគរបាលក្រុងព្រះវិហារ ដើម្បីសាកសួរបន្តជុំវិញរឿងនេះ។

ដោយឡែកម្ចាស់ហាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារផងដែរ៕ ដោយ ៖ ជឹម ទូច

Loading...