ថ្ងៃទី០៤ ខែមេសាម្សិលមិញ មានយានយន្ត១៧៩គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន១៧៩គ្រឿងទៀត ក្នុងនោះមានម៉ូតូ ១០៥គ្រឿង និងរថយន្ត ៧៤គ្រឿង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តមបន្តថា គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៤ ខែមេសា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧០,៣១២គ្រឿង ក្នុងនោះមានម៉ូតូ ៥១,៤៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៨,៨៣០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួកល្មើសសញ្ញា អត់ស្លាកលេខ ទូរស័ព្ទដៃ បត់ជែង និងស្រវឹងជាដើម។ ដោយឡែកបទល្មើស សម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ទន្ទឹមនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន០៩លើក ក្នុងនោះស្លាប់០៤នាក់ របួស១៥នាក់ (របួសធ្ងន់០៧នាក់)៕

Loading...