ថ្ងៃនេះ បងប្អូនខ្មែរកម្ពុជាក្រោម រួមទាំងខ្មែរកណ្តាល ប្រារព្ធពិធីរំលឹកខួបថ្ងៃបាត់បង់សិទ្ធិជាម្ចាស់ដី នៅលើទឹកដីរបស់ខ្លួន លើកទី៦៧ឆ្នាំ

ភ្នំពេញ៖ នៅថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៦ គឺជាខួប ៦៧ឆ្នាំ (៤ មិថុនា ១៩៤៩-៤ មិថុនា ២០១៦) ដែលទឹកដីខ្មែរកម្ពុជាក្រោម ដ៏សម្បូរភោគផលពីធម្មជាតិ ត្រូវបានបារាំងប្រគល់ឲ្យយួនគ្រប់គ្រងបន្តរហូតដល់សព្វថ្ងៃ ។ ជាមួយនឹងខួប នៃការបាត់បង់សិទ្ធិគ្រប់គ្រងទឹកដីរបស់ខ្លួននេះ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន នឹងប្រារព្ធពិធីរំលឹកដល់ថ្ងៃ ដ៏សែនសោកសៅ និងឈឺចាប់មួយនេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ត្រើយម្ខាងមាត់ទន្លេបួនមុខ ទល់មុខព្រះបរមរាជវាំង ។

ប្រធានសហគន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រួមអង្គការសមាគមខ្មែរកម្ពុជាក្រោម ចូលរួមប្រារព្ធពិធីរំលឹកខួបបាត់បង់សិទ្ធិជាម្ចាស់ទឹកដីខ្មែរកម្ពុជាក្រោមនេះ ឲ្យមានសភាពមហោឡារឹកអធឹកអធម័ ។ នៅក្នុងថ្ងៃប្រារព្ធពិធីបាត់បង់ទឹកដីជាប្រវត្តិសាស្រ្តនេះ ក៏នឹងមានពិធីរាប់បាត្រព្រះសង្ឃ ១,៩៤៩អង្គ ជាចំនួនឆ្នាំ ដែលបារាំង បានប្រគល់ទឹកដីខ្មែរកម្ពុជាក្រោម ទៅយួនគ្រប់គ្រងនោះ ។

មិនខុសពីបណ្តាឆ្នាំកន្លងទៅនៅក្នុងថ្ងៃប្រារព្ធពិធីរំលឹកខួបថ្ងៃបាត់បង់សិទ្ធិធ្វើជាម្ចាស់នៅលើទឹកដីរបស់ខ្លួន(កម្ពុជាក្រោម)នេះ ព្រះមហាក្សត្រខ្មែរ តែងបានចាត់ព្រះរាជតំណាងយាងចូលរួមក្នុងពិធីនេះ។ នៅក្នុងឆ្នាំនេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចាត់សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាង។

ទឹកដីកម្ពុជាក្រោម មានផ្ទៃទំហំ ៦៧,៧០០គីឡូម៉ែត្រក្រឡា រាប់ទាំងកោះត្រល់ និងកោះត្រឡាច បែងចែកជា ២១ខេត្ត មានទីក្រុងមួយ គឺក្រុងព្រៃនគរ និងកំពង់ផែទឹកជ្រៅធំមួយ គឺកំពង់ផែអូរកែវ ត្រូវបានបារាំងប្រគល់ទៅឲ្យយួនកាន់កាប់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ បន្ទាប់ពីបានកាន់កាប់សិទ្ធិជាម្ចាស់លើទឹកដីខ្មែរកម្ពុជាក្រោមនោះរួចមក យួន បានព្យាយាមធ្វើទុក្ខបុកម្នេញជាច្រើនលើពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងបំណងលុបបំបាត់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរឲ្យសាបសូន្យ ប៉ុន្តែពលរដ្ឋខ្មែរនៅតែតស៊ូជានិច្ច ដោយជ្រើសរើសយកវិធីអហិង្សា ស្របទៅតាមច្បាប់អន្តរជាតិ ហើយមិនយូរមិនឆាប់ ពលរដ្ឋខ្មែរកម្ពុជាក្រោម ពិតជាស្គាល់នូវអ្វីដែលហៅថា សិទ្ធិជាម្ចាស់លើទឹកដីរបស់ខ្លួនជាក់ជាពុំខាន ដូចរដ្ឋទីម័រខាងកើតអ៊ីចឹងដែរ ។

លោកថាច់ សេដ្ឋា បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនដែលបោះបង់ការតស៊ូទាមទារសិទ្ធិជាម្ចាស់នៅលើទឹកដីកម្ពុជាក្រោម (យួនខាងត្បូង)ម្តងណាឡើយ ហើយការតស៊ូទាំងនោះ ឈរលើគោលការណ៍អហិង្សា ស្របតាមច្បាប់អន្តរជាតិ ស្តីអំពីសិទ្ធិជាម្ចាស់នៅលើទឹកដីកំណើតរបស់ខ្លួន។

ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនសែននាក់ បានរត់ភៀសខ្លួនមករស់នៅលើទឹកដីកម្ពុជាកណ្តាល ក៏ដូចជាភៀសខ្លួនទៅប្រទេសទី៣ ដើម្បីគេចផុតពីការគាបសង្កត់ ជិះជាន់ និងរំលោភបំពានសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរអាណានិគមន៍ថ្មី ៕

67KKLoss

kampucheakrom

Loading...

Leave a Reply

Your email address will not be published. Required fields are marked *