បាងកក ៖ នៅថ្ងៃសុក្រនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លង Covid-19 ថ្មីចំនួន៥៨ករណីបន្ថែមទៀត ក្នុងនោះ៤៥ករណីជាការឆ្លងក្នុងស្រុក និង១៣ករណីទៀតជាការនាំចូល។ នេះបើយោងតាមប្រភពពីកាសែត Bangkok Post។
លោកស្រី Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថាក្នុងចំណោមករណីឆ្លងក្នុងស្រុងចំនួន ៤៥ករណីខាងលើគឺមាន ២០ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក,១៤ករណីនៅខេត្ត សាមុតសាខុន,៥ករណីនៅខេត្តសាមុតប្រាកានក្រៅពីនេះមាននៅខេត្តផ្សេងៗទៀត។ ចំណែក១៣ករណីដែលនាំចូលរួមមាន ពីសហរដ្ឋអាមេរិក (៧) ឥណ្ឌា (២) ហ្វាំងឡង់ (១) អេមីរ៉ាតអារ៉ាប់រួម (១) បែលហ្ស៊ិក (១) និងម៉ាដាហ្គាស្ការ (១) ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨.៩៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧.៦០៦នាក់៕