ថ្នាក់ដឹកនាំកងយោធពលខេមរៈភូមិន្ទ ក្រើនរំឮកសិក្ខាកាមដែលកំពុងហ្វឹកហ្វឺន ក្បួនយុទ្ធសាស្ត្រយោធា នៅសាលាពលទាហានទី១ ឲ្យខិតខំគ្រេបយកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី 

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ក្រើនរំឮក របស់មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណកម្មកាធិការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌកងទ័ពជើងគោក នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាគ្រានោះ គឺបានធ្វើឡើងនៅគ្រាដែលលោកឧត្តមសេនីយ៍ ចុះសាកសួរសុខទុក្ខសិក្ខាកាមប្រមាណ៣០០នាក់ ដែលកំពុងហ្វឹកហ្វឺនយ៉ាងសកម្ម នូវក្បួនយុទ្ធសាស្ត្រយោធា កាលពីល្ងាចថ្ងៃទី២៩មករាម្សិលមិញ នៅសាលាពលទាហានទី១ ក្នុងខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់សិក្ខាទាំង៣០០នាក់ ដោយចង់ដឹងពីការផ្លាស់ប្តូរជីវភាព ពីយុវជនដែលធ្លាប់តែរស់នៅជាមួយក្រុមគ្រួសារ ឪពុកម្តាយ និងបងប្អូន ហើយពេលនេះបានក្លាយខ្លួនជាយុទ្ធជន រស់នៅរួមគ្នាជាមួយមិត្តរួមអាជីព នៅក្នុងអង្គភាពតែមួយ និងកំពុងហ្វឹកហ្វឺនរៀនសូត្រក្បួនយុទ្ធសាស្ត្រ វិន័យ និងច្បាប់នានា របស់កងទ័ព និងច្បាប់ប្រទេស ថាតើមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច?។ ចំណែក ការសិក្សានៅក្នុងសាលានោះវិញ តើគ្រូយោធាចារ្យរឹតបន្តឹងវិន័យបែបណា ផ្តល់ការពន្យល់លើមុខវិជ្ជានីមួយៗ ការហូបចុក និងរស់នៅបានល្អប្រសើរដែរឬទេ?។

លោកឧត្តមសេនីយ៍ បានដាស់តឿនជាថ្មី ដល់ពលទាហានដែលជាសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូយោធាចារ្យ បង្រៀនលើគ្រប់មុខវិជ្ជា ត្រូវគោរពវិន័យសាលា វិន័យកងទ័ព ត្រូវមានគុណធម៌ និងសីលធម៌រស់នៅឲ្យបានល្អប្រសើរ ធ្វើខ្លួនឲ្យសក្តិសមជាកងយោធពលខេមរៈភូមិន្ទ ត្រូវចេះគោរព ស្រឡាញ់ ត្រូវចេះអធ្យាស្រ័យឲ្យគ្នា និងត្រូវចេះជួយយកអាសារគ្នាទៅវិញទៅមក នៅគ្រាមានទុក្ខអាសន្នកើតឡើង។

សិក្ខាកាមទាំងអស់ បានប្តេជ្ញាថា នឹងគោរពតាមបទបញ្ជាថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ ឲ្យបានយ៉ាងខ្ជាប់ខ្ជួន បើទោះបីជាជួបការលំបាកក៏មិនត្អូញត្អែ ប្តេជ្ញាការពាររាជរដ្ឋាភិបាល និងការពារបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានបានជាដាច់ខាត។

គួររំឮកថា កាលពីរសៀលថ្ងៃទី១៩ធ្នូ២០១៧កន្លងទៅ អង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង នៃយោធភូមិភាគទី១ បានរៀបចំពិធីជូនដំណើរទ័ព ចំនួន៧៣៤នាក់ ទៅកាន់សាលាហ្វឹកហ្វឺនពលទាហានចំនួន២ គឺសាលាពលទាហានទី១ ចំណុះយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ៣០០នាក់ និងសាលាហ្វឹកហ្វឺនកោះឆ្នេស្រែខ្លុង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ចំណុះយោធភូមិភាគទី៣ ចំនួន៤៣៤នាក់ ដែលវគ្គហ្វឹកហ្វឺននោះ មានរយះពេល៤ខែកន្លះ ។

ពលទាហានទាំង៧៣៤នាក់នោះ គឺជាយុទ្ធជនថ្មីដែលទើបត្រូវបានជ្រើសរើស ឲ្យចូលបំរើក្នុងជួរកងទ័ព ចូលមកបំពេញក្របខ័ណ្ឌ ជាកងយោធពលខេមរៈភូមិន្ទ របស់យោធភូមិភាគទី១ នៅក្រោយពីទាហាឡាវ បានចូលមកឈរជើង និងរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា នៅតំបន់អូរតាង៉ាវ និងអាឡៃ នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែសីហា២០១៧ កន្លងទៅនេះ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ ស្វាយ ញ៉ន នៅគ្រានោះ បានថ្លែងទៅកាន់ពលទាហានថ្មីទាំងអស់ថា ចាប់ពីម៉ោងនេះ វេលានេះ ក្មួយៗនឹងប្រែក្លាយជីវភាពពីយុវជនស៊ីវិល ក្លាយជាយុទ្ធជន នៃកងយោធពលខេមរៈភូមិន្ទនោះហើយ ក្មួយៗអាចប្រមើលមើលអតីតកាល និងជីវភាពយុវជន រស់នៅជាមួយឪពុកម្តាយ វាខុសប្លែកគ្នាយ៉ាងណាខ្លះ ពេលដែលក្មួយៗក្លាយជាយុទ្ធជន នៃកងយោធពលខេមរៈភូមិន្ទ។

លោកមេបញ្ជាការបានថ្លែងផ្ដាំផ្ញើដល់កងទ័ព ពេលចូលសាលាហ្វឹកហ្វឺនត្រូវតាំងចិត្ត ចេញពីសាលាហ្វឹកហ្វឺន មករស់នៅតាមបណ្តាអង្គភាព ក៏ត្រូវតាំងចិត្ត អ្នកត្រូវមានវិន័យផ្ទាល់ខ្លួន វិន័យរបស់សាលា វិន័យរបស់អង្គភាព អ្នកត្រូវមានសីលធម៌ គុណធម៌ និងសមត្ថភាព ទើបជោគជ័យ និយាយឲ្យចំបើអ្នកជាយោធា ត្រូវចេះជំនាញជាយោធា ទើបអាចក្លាយជាសសរទ្រូង ការពារបូរណភាពទឹកដីបានយ៉ាងប្រសើរ៕

 

Loading...